30 C
Phnom Penh
Tuesday, October 8, 2024

អ្នកទេសចរ ប្រមាណ២ពាន់នាក់ទៅទស្សនាតំបន់រមណីយដ្ឋានអង្គរថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌដំបូង

ស្តាប់អត្ថបទជាសំឡេង

សៀមរាប៖ អ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ២ពាន់នាក់ត្រូវបានរាយការណ៍ថា បានមកកម្សាន្តនៅរមណីយដ្ឋានអង្គរ នាថ្ងៃឈប់សម្រាកទី១ នៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ។

លោក ណន តូនី ប្រធានក្រុមសណ្ដាប់ធ្នាប់ ដែលគ្រប់គ្រងក្នុងរមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា ក្រោយពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យអ្នកទេសចរ ដើរទៅកម្សាន្ដតាមតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស នៅរមណីយដ្ឋានអង្គរវត្ដ មានភ្ញៀវទេសចរ បានមកទស្សនាជាហូរហែ ដោយនៅថ្ងៃបិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ មានអ្នកទេសចរទាំងជាតិ និងអន្ដរជាតិប្រមាណជា ២ពាន់នាក់ក្នុងមួយថ្ងៃ។ លោកបន្ដថា ការទៅទស្សនាមានសភាពច្រើននេះ ដោយសារខេត្តទេសចរណ៍សំខាន់ជាងគេនៅកម្ពុជា ព្រោះមានប្រាង្គប្រាសាទជាច្រើនស្ថិតនៅទីនោះ ជាពិសេស ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុដ៏អស្ចារ្យរបស់ពិភពលោក។ 

ប៉ុន្ដែយ៉ាងនេះក្ដី លោក តូនី បានបញ្ជាក់ថា ការដើរកម្សាន្តរបស់ភ្ញៀវទេសចរទាំងនោះ ពួកគាត់បានដើរដោយមានការប្រុងប្រយ័ត្ន របៀបជាដើរបណ្ដុំគ្រួសារ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩ផងដែរ។ ជាមួយគ្នានេះ ការរៀបចំឱ្យចូលទស្សនាប្រាសាទអង្គរ ត្រូវបានអាជ្ញាធររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងខាងមុខប្រាសាទអង្គរវត្ដ អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យភ្ញៀវទេសចរ មានវាស់កម្ដៅ ស្គែនឃ្យូអរ កូដ(QR Code) និងត្រូវលាងដៃនឹងទឹកអាលកុល ជាពិសេស តម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នាផងដែរ។

បើតាមលោក ណន តូនី បានបន្ថែមថា បច្ចុប្បន្ន បេតិកភណ្ឌរបស់ពិភពលោកដ៏ពិសិដ្ឋនេះ បានក្លាយជាគោលដៅទេសចរណ៍របស់ភ្ញៀវទេសចរបរទេស ដែលបានឆ្លងដែនមកដល់ទឹកដី នៃប្រទេសកម្ពុជា។ លោកបានបន្ដថា ក្នុងពេលដែលតំបន់អង្គរ មានភាពស្ងប់ស្ងាត់មិនសម្បូរភ្ញៀវ ដោយសារបញ្ហាជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរជាតិអប្សរាឆ្លៀតយកឱកាសនេះ រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍នៅតំបន់អង្គរឡើងវិញ ក្នុងនោះរួមមានការរុះរើតូបលក់ដូរនៅតំបន់ខាងលិចអង្គរ រៀបចំសួនច្បារ និងដាំដើមឈើបន្ថែម ព្រមទាំងការស្ថាបនា និងកែលម្អផ្លូវថ្នល់ជាច្រើនកន្លែង ដើម្បីធ្វើយ៉ាងណាឱ្យមានការទាញ់ទាញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅទស្សនា ទាំងនៅខាងមុខអង្គរ និងក្នុងបរិវេណអង្គរ ក្នុងនោះមានការដាំផ្កា រៀបចំផ្លូវដើរលំអដោយដើមឈើ និងផ្កាភ្ញីគ្រប់ប្រភេទ។ អាជ្ញាធរជាតិអប្សរា សង្ឃឹមថា ការងារអស់ទាំងនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរឲ្យត្រឡប់មកទស្សនាតំបន់អង្គរឡើងវិញនៅពេលវិបត្តិកូវីដ-១៩ត្រូវបិទបញ្ចប់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img