30 C
Phnom Penh
Saturday, July 27, 2024

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមជំរុញពន្លឿនការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងពលរដ្ឋឱ្យបានលឿនឆាប់រហ័ស

 

ស្តាប់អត្ថបទជាសម្លេង

កំពង់ចាម៖ លោក លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមបានស្នើដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញការងារចាក់វ៉ាក់សាំងការពាជំងឺកូវីដ-១៩ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវខិតខំចាក់ឱ្យបានលឿនឆាប់រហ័ស ដោយមិនប្រកាន់នូវពូជ សាសន៍ ជំនឿសាសនា ឬនិន្នាការនយោយបាយនោះទេឱ្យតែពួកគាត់រស់នៅលើប្រទេសកម្ពុជា។

ការបញ្ជាក់បែបនេះរបស់ លោក លន់ លឹមថៃ  ក្នុងឱកាស អញ្ជើញចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចំនួន៨៣នាក់ និងពិនិត្យស្ថានភាពដំណើរការចាក់វាក់សាំង ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ ដោយមានការចូលរួមពីលោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ រួមទាំងអជ្ញាធរពាក់ព័ន្ធ។ 

 អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមថ្លែងថា ក្រុមគ្រូពេទ្យត្រូវបង្កើនសមត្ថភាពព្យាបាល ហើយការធ្វើតេស្តរហ័សក៏មានសារៈសំខាន់ដែរ ក្នុងការគ្រប់គ្រងបានលឿន គឺរកឃើញភ្លាមព្យាបាលភ្លាម ករណីស្រាលព្យាបាលនៅផ្ទះ និងធ្ងន់ព្យាបាលនៅមន្ទីរពេទ្យ។

លោកក៏បានកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលជាទ័ពអាវសឈានមុខគេក្នុងការជួយដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងបានអរគុណដល់ក្រុមគ្រូពទ្យទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត មិនថាមុន ឬក្រោយយុទ្ធនាការចាក់វ៉ាក់សាំង រួមទាំងការពិនិត្យ និងព្យាបាលជំងឺផ្សេងៗ ជូនដល់ពលរដ្ឋ និងស្ទើរគ្មានពេលសម្រាក ហើយតាមរយះសកម្មភាពនានា រួមទាំងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ រំពឹងថាសេដ្ឋកិច្ចប្រជាពលរដ្ឋនិងសេដ្ឋកិច្ចប្រទេសជាតិនឹងបានល្អប្រសើរឡើងវិញជាប្រក្រតីនៅពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img