31 C
Phnom Penh
Saturday, July 27, 2024

អ៊ុយក្រែនទាមទារថក្រោះធុនធ្ងន់ ដើម្បីយកឈ្នះរុស្ស៊ី ក្នុងឆ្នាំ២០២៣នេះ

(កៀវ)៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក មីខៃឡូ ប៉ូដុលយ៉ាក់ (Mykhaylo Podolyak) បាននិយាយថាអ៊ុយក្រែនអាចនឹងទទួលបានជ័យជម្នះ លើរុស្ស៊ី នៅក្នុងឆ្នាំ២០២៣នេះ ប្រសិនបើខ្លួនទទួលបានអាវុធបន្ថែមពីលោកខាងលិច ជាពិសេសគឺមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថក្រោះធុនធ្ងន់។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន The Barron នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយ AFP នៅថ្ងៃពុធសប្ដាហ៍នេះ លោក ប៉ូដុលយ៉ាក់ ក៏បានបញ្ជាក់ដែរថាប្រសិនបើមិនមានអាវុធទាំងនេះទេ នោះសង្រ្គាមអាចនឹងអូសបន្លាយ ដល់រាប់ទសវត្សរ៍ ខណៈការវាយប្រហារយុទ្ធគ្នាយ៉ាងបង្ហូរឈាមកំពុងកើតឡើងនៅក្នុងទីក្រុងបាកមូត (Bakhmut) និងទីក្រុងសូឡេដា (Soledar) ស្ថិតនៅភាគខាងកើត នៃប្រទេស។ លោក ប៉ូដុលយ៉ាក់ បានសង្កត់ធ្ងន់បន្ថែមដូច្នេះថា «មានតែមីស៊ីលដែលអាចបាញ់បានចម្ងាយ១០០គីឡូម៉ែត្រឡើងទៅប៉ុណ្ណោះ ដែលអាចជួយយើងពន្លឿន ការរំដោះទឹកដីរបស់យើងមកវិញ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ បានផ្គត់ផ្គង់ឱ្យអ៊ុយក្រែន នូវប្រព័ន្ធមីស៊ីលដែលអាចបាញ់បានចម្ងាយ ៨០គីឡូម៉ែត្រ ដែលបានជួយឱ្យអ៊ុយក្រែនទទួល បានជ័យជម្នះនៅក្នុងសមរភូមិនៅតំបន់ខាកៀវ និងតំបន់ខឺសុន។ កាលពីពេលថ្មីៗនេះ អ៊ុយក្រែនក៏ទទួលបានប្រព័ន្ធមីស៊ីលស្រដៀងគ្នានេះពីបារាំងដែរ ប៉ុន្តែទីក្រុងកៀវ នៅតែបន្តទទូចឱ្យសហរដ្ឋអាមេរិកបញ្ជូនប្រព័ន្ធមីស៊ីល ATACMS ដែលអាចបាញ់បានចម្ងាយជាង ៣០០គីឡូម៉ែត្រ មកឱ្យទាហានរបស់ខ្លួន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img