(កៀវ)៖ នៅថ្ងៃចន្ទនេះ អ៊ុយក្រែនបានចេញមុខថ្កោលទោស នូវអ្វីដែលខ្លួនចាត់ទុកថា ជាទង្វើបង្កហេតុរបស់រុស្ស៉ី ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការឆ្លើយតបម៉ឺងម៉ាត់ មួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបានអះអាងថា នាវាចម្បាំងរបស់ខ្លួនបានបាញ់ព្រមានលើ កប៉ាល់ដឹកទំនិញមួយគ្រឿង នៅតំបន់សមុទ្រខ្មៅ។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីក្រុងមូស្គូបាននិយាយថា នាវាយោធាល្បាតរបស់ខ្លួន ឈ្មោះ Vasily Bykov បានប្រើប្រាស់អាវុធស្វ័យប្រវត្តិ បាញ់ព្រមានទៅលើកប៉ាល់ឈ្មោះ Sakru Okan ដែលមានដោតទង់ជាតិប្រទេសដែនកោះប៉ាឡូ (Palau) បន្ទាប់ពីកាពីទែនកប៉ាល់នោះ មិនបានឆ្លើយតបចំពោះសំណើ ឱ្យផ្អាកការធ្វើដំណើរ ដើម្បីឆ្លងកាត់ការត្រួតពិនិត្យ។
នាថ្ងៃចន្ទនេះ ក្រសួងការបរទេសអ៊ុយក្រែន បានសេចក្តីថ្លែងការណ៍ថ្កោលទោសធ្ងន់ៗ ចំពោះសកម្មភាពបង្កហេតុ ដែលបានធ្វើឡើងដោយប្រទេសរុស្ស៉ី កាលពីថ្ងៃទី១៣ ខែសីហា នៅតំបន់សមុទ្រខ្មៅ ពាក់ព័ន្ធជាមួយនិងកប៉ាល់ដឹកទំនិញស្ងួត Sukru Okan របស់ប្រទេសតួកគី ដែលមានគោលដៅឆ្ពោះមកកាន់កំពង់ផែនៃទីក្រុង Izmail របស់អ៊ុយក្រែន។
ទីក្រុងកៀវបាននិយាយថា ឧប្បត្តិហេតុខាងលើ គឺជាការបំពានច្បាប់អន្តរជាតិដោយឥតអៀនខ្មាស និងជាឧទាហរណ៍ថ្មីមួយទៀត បង្ហាញពីការប៉ុនប៉ងបង្កគ្រោះថ្នាក់ដោយចេតនា ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងសុវត្ថិភាពនៃកប៉ាល់ពាណិជ្ជកម្មនានា នៅសមុទ្រខ្មៅ ហើយអ៊ុយក្រែនក៏បានអំពាវនាវផងដែរឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយរបស់រុស្ស៉ី ដែលរារាំងដល់ការធ្វើដំណើរដោយសុវត្ថិភាពរបស់កប៉ាល់ស៉ីវិលនានាៗ ឆ្លងកាត់តំបន់សមុទ្រនេះ។
កន្លងមក រុស្ស៉ីធ្លាប់បានព្រមានថា ខ្លួននឹងចាត់ទុកកប៉ាល់ទាំងអស់ ដែលធ្វើដំណើរឆ្ពោះមកកាន់កំពង់ផែអ៊ុយក្រែន ជាគោលដៅយោធា បន្ទាប់ពីទីក្រុងមូស្គូបានដើរចេញពី កិច្ចព្រមព្រៀងមួយកាលពីខែកក្កដា ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនធុញ្ញជាតិរបស់អ៊ុយក្រែន ឆ្លងកាត់តំបន់សមុទ្រខ្មៅដោយសុវត្ថិភាព ក្រោយសង្រ្គាមផ្ទុះឡើង៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News