30 C
Phnom Penh
Saturday, October 26, 2024

អ៊ីរ៉ាក់ បណ្ដេញឯកអគ្គរដ្ឋទូតស៊ុយអែតចេញពីប្រទេស ជុំវិញបញ្ហាគម្ពីរកូរ៉ាន

អ៊ីរ៉ាក់ បានបណ្តេញឯកអគ្គរដ្ឋទូតស៊ុយអែតនាថ្ងៃព្រហស្បតិ៍ថ្ងៃទី២០ ខែកក្កដា ក្រោមមូលហេតុនៃការដុតគម្ពីកូរ៉ានដែលបានគ្រោងទុកក្នុងទីក្រុងស្តុកខូល( Stockholm )នៃប្រទេសស៊ុយអ៊ែត។ ហេតុការណ៍នេះ បានជំរុញឱ្យអ្នកតវ៉ារាប់រយនាក់សម្រុកចូល និងដុតស្ថានទូតស៊ុយអែតប្រចាំអ៊ីរ៉ាក់ នៅទីក្រុងបាកដាដ។

ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom បានបញ្ជាក់ឱ្យដឹងថា បុគ្គលិកនៅ ស្ថានទូតស៊ុយអែត ប្រចាំនៅទីក្រុងបាកដាដ មានសុវត្ថិភាព ប៉ុន្តែអាជ្ញាធរអ៊ីរ៉ាក់ហាក់មិន បានបង្ហាញការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារស្ថានទូតឡើយ។

ដោយឡែក ការដុតគម្ពីរកូរ៉ានគឺកើតចេញពីក្រុមបាតុករប្រឆាំងសាសនាអ៊ីស្លាម ក្នុងនោះមានម្នាក់ជាជន អន្តោប្រវេសន៍ អ៊ីរ៉ាក់ ដែលបានភៀសខ្លួនទៅនៅប្រទេសស៊ុយអែត។ ក្រុមបាតុករនេះបានដុតគម្ពីរ កូរ៉ាន នៅខាងក្រៅវិហារ អ៊ីស្លាមក្នុងទីក្រុង Stockholm នៃប្រទេសស៊ុយអែត កាលពីខែមិថុនាកន្លងទៅ ព្រមទាំងទទួល បានការអនុញ្ញាតពីប៉ូលិសស៊ុយអែត ដើម្បីដុតគម្ពីរកូរ៉ាននៅខាងក្រៅស្ថានទូត អ៊ីរ៉ាក់នាថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមបាតុករបានទាត់ និងបំផ្លាញផ្នែកខ្លះនៃសៀវភៅដែលពួកគេអះអាង ថាជាគម្ពីរកូរ៉ាន និងបានចាកចេញពីតំបន់នោះនៅមួយម៉ោងក្រោយមក ដោយមិនបានដុតគម្ពីរ ចោលដូចការផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ គម្ពីរកូរ៉ាន គឺជា អត្ថបទសាសនាគោលមួយនៃសាសនាឥស្លាម និងដែលត្រូវបានប្រជាជនម៉ូស្លីម ជឿថាជាដំបូន្មានរបស់ព្រះ។

ពាក់ព័ន្ធបញ្ហានេះដែរ អ៊ីរ៉ាក់ក៏បានជូនដំណឹងដល់រដ្ឋាភិបាលស៊ុយអែត អំពីការកើតឡើងដដែលៗនៃឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការដុតព្រះគម្ពីរកូរ៉ាននៅលើដីស៊ុយអែត ដោយព្រមានក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការដុតគម្ពីរសាសនាអ៊ីស្លាមនៅក្នុងប្រទេសស៊ុយអែតនេះ មិនមែនជាលើកទី១នោះទេ ប្រទេសស៊ុយអែតក៏បានឃើញការដុតគម្ពីរកូរ៉ានជាច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើន មានការពាក់ព័ន្ធជាមួយនឹង សកម្មជនស្តាំនិយម និងអ្នកប្រឆាំងសាសនាម៉ូស្លីម។

បន្ទាប់ពីហេតុការណ៍ទាំងនេះកើតឡើង មានការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងប្រទេសស៊ុយអែត ដោយគេចាត់ទុកថា ទង្វើបែបនេះបានធ្វើឱ្យប្រទេសនេះមិនមានសុវត្ថិភាព។

ការព្រួយបារម្ភនេះបានរុញឱ្យមានការដាក់ពាក្យបណ្ដឹងតវ៉ាលើករណីដុតគម្ពីរកូរ៉ាន ប៉ុន្តែក៏ត្រូវបាន តុលាការស៊ុយអែតបដិសេធការ ក្រោមហេតុផលថា ទង្វើនេះត្រូវ បានការពារ ដោយច្បាប់សេរីភាព ក្នុងការបញ្ចេញមតិដ៏ទូលំទូលាយរបស់ប្រទេសស៊ុយអែត។

ច្បាប់សេរីភាពនៃការបញ្ចេញមតិនេះផងដែរ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយមិនអាចផ្លាស់ ប្តូរ​បានដោយ ងាយៗនោះទេ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងពិចារណាលើការផ្លាស់ប្តូរផ្លូវច្បាប់ដែលនឹងអនុញ្ញាត ឱ្យប៉ូលិស បញ្ឈប់ការដុតទីសាធារណៈ ប្រសិនបើពួកគេបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រទេសស៊ុយអែត៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img