ស្តាប់អត្ថបទជាសម្លេង
នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកបានទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) ជាង១លានដូសពីប្រទេសប៉ូឡូញដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងទីក្រុងស៊ីដនី និងរដ្ឋញូសៅវ៉េល (New South Wales) ក្នុងគ្រាដែលការឆ្លងកំពុងកើនឡើង។
លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថា វ៉ាក់សាំងនឹងដឹកមកដល់ឆាប់ៗនេះ ហើយជាងពាក់កណ្តាលនឹងត្រូវបានចាក់ឲ្យពលរដ្ឋអាយុពី២០ដល់៣៩ឆ្នាំនៅក្នុងរដ្ឋ ញូសៅវ៉េល (New South Wales)
ខណៈដែលរដ្ឋនេះបានរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន៤១៥នាក់កាលពីថ្ងៃអាទិត្យដែលជាតួលេខខ្ពស់បំផុតលើកទី២។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកង់បេរ៉ា, លោក ម៉ូរីសុន បានសម្តែងការអរគុណទៅដល់ប្រទេសប៉ូឡូញចំពោះការលក់វ៉ាក់សាំងមកឲ្យអូស្ត្រាលី។

លោក ម៉ូរីសុន បានរងសម្ពាធយ៉ាងខ្លាំងចំពោះភាពយឺតយ៉ាវនៅក្នុងដំណើរការចាក់វ៉ាក់សាំងដែលមកទល់ពេលនេះមានប្រហែល២៤%ប៉ុណ្ណោះនៃពលរដ្ឋអូស្ត្រាលីមានអាយុលើសពី១៦ឆ្នាំបានចាក់វ៉ាក់សាំងពេញលេញ។
ដោយមានការព្រួយបារម្ភពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩នៅតំបន់ជនបទ កាលពីថ្ងៃសៅរ៍ក្រុមមន្ត្រីអូស្ត្រាលីបានរឹតបន្តឹងវិធានការទប់ស្កាត់និងបញ្ជាឲ្យបិទរដ្ឋញូសៅវ៉េល (New South Wales)ទាំងមូលរយៈពេល៧ថ្ងៃ។
គួរបញ្ជាក់ថា បច្ចុប្បន្នអូស្ត្រាលីមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង៣៩,០០០នាក់ក្នុងនោះមានអ្នកស្លាប់សរុប៩៦៦នាក់៕



អត្តបទនឹងរូបភាពដោយ Puthinews