28 C
Phnom Penh
Monday, July 15, 2024

អាមេរិក និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារកូរ៉េខាងត្បូង ប្រឆាំងការវាយប្រហារពីកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីម្សិលមិញ បានយល់ព្រមដាក់ពង្រាយនាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែររបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជា​ថ្នូរ​ឲ្យកូរ៉េ​ខាង​ត្បូង​យល់​ព្រម​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ប្រធានាធិបតីអាមេរិកលោក ចូ បាយដិន (Joe Biden) បាននិយាយថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់ការវាយប្រហារដោយអាវុធងនុយក្លេអែរណាមួយពីរប្រទេសកូរ៉េខាងជើង។

ការលើកឡើងបែបនេះកើតឡើង ស្របពេលក្តី​បារម្ភ​បាន​និង​កំពុង​កើន​ឡើង​​អំពី​ការ​គំរាម​កំហែង​ប្រើអាវុធនុយក្លេអ៊ែរ ​ដែល​បង្ក​ឡើង​ដោយប្រទេស​កូរ៉េ​ខាង​ជើង ដែលរហូតពេលនេះ រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង ​កំពុងតែ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ​ដែល​អាចបាញ់​លើប្រទេស​កូរ៉េ​ខាង​ត្បូង ព្រមទាំងអាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​​អាច​បាញ់​ដល់​ទឹកដី​របស់​អាមេរិក។

សហរដ្ឋអាមេរិកមានសន្ធិសញ្ញាជាកាតព្វកិច្ចរួចហើយ ដើម្បីការពារប្រទេសកូរ៉េខាងត្បូង ហើយកាលពីមុន បានសន្យាថា ប្រសិនបើចាំបាច់ អាមេរិកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែមនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមសង្ស័យចំពោះការប្តេជ្ញាចិត្តនោះ ហើយអំពាវនាវឲ្យប្រទេសខ្លួន បង្កើតកម្មវិធីផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងវិញ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយើល (Yoon Suk-yeol) ដែលកំពុងតែបំពេញទស្សនកិច្ចផ្លូវការលើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បាននិយាយថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានកំណត់ការប្តេជ្ញាចិត្ត ដែលមិនធ្លាប់មានពីមុន ដោយសហរដ្ឋអាមេរកត្រូវពង្រឹងការការពារ ទប់ស្កាត់ការវាយប្រហារ និងការពារសម្ព័ន្ធមិត្តរបស់ខ្លួនដោយប្រើអាវុធនុយក្លេអ៊ែរ។

ប៉ុន្តែបើយោងនេះតាមមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា ចំណែកកិច្ចព្រមព្រៀងថ្មីនេះ គឺជាលទ្ធផលនៃការចរចា ដែលបានធ្វើឡើងក្នុងរយៈពេលជាច្រើនខែរវាងកូរ៉េខាងត្បូង និងអាមេរិក។

នៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ សហរដ្ឋអាមេរិកនឹងធ្វើឲ្យការប្តេជ្ញាចិត្តរបស់ខ្លួនកាន់តែច្បាស់តាមរយៈការបញ្ជូននាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ ទៅកូរ៉េខាងត្បូង រួមជាមួយនឹងយោធូបករណ៍ជាយុទ្ធសាស្ត្រផ្សេងទៀត ដូចយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ។

កិច្ចព្រមព្រៀងថ្មីនេះ ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីរក៏នឹងបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ ដើម្បីពិភាក្សាអំពីបញ្ហាផែនការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។

ចំណែកអ្នកនយោបាយនៅទីក្រុងសេអ៊ូល បានជំរុញឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចូលរួមបន្ថែមទៀត ក្នុងការរៀបចំផែនការអំពីរបៀប និងពេលណា ត្រូវប្រើអាវុធនុយក្លេអ៊ែរប្រឆាំងប្រទេសកូរ៉េខាងជើង។

ខណៈឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងរីកកាន់តែធំ និងកាន់តែទំនើប ប្រជាជនកូរ៉េខាងត្បូង បានបង្កើនការប្រុងប្រយ័ត្នដោយសារមិនយល់ច្បាស់ ហើយនាំគ្នាជំរុញឲ្យប្រធានាធិបតីអាមេរិកចុចប៊ូតុងបាញ់នុយក្លេអ៊ែរ តបតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ដោយសារការភ័យខ្លាចរបស់ប្រជាជនកូរ៉េខាងត្បូង ខ្លាចអាមេរិកបោះបង់ខ្លួនឯងចោលបែបនេះ បាននាំឲ្យមានការអំពាវនាវឲ្យកូរ៉េខាងត្បូង មានសិទ្ធិអាចផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង។

ប៉ុន្តែកាលក្នុងខែមករា ឆ្នាំ២០២៣ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយើល បានធ្វើឲ្យអ្នកនយោបាយអាមេរិកឈឺក្បាល នៅពេលលោកបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលលើកយកគំនិតចង់ផលិតអាវុធក្លេអ៊ែរនេះមកជជែកគ្នាឡើងវិញ។

ភ្លាមៗនោះ វាច្បាស់ណាស់ចំពោះសហរដ្ឋអាមេរិកថា ការធានាគ្រាន់តែពាក្យសម្តី និងគ្រាន់តែកាយវិការ ប្រជាជនកូរ៉េខាងត្បូងលែងជឿទៀតហើយ ដូច្នេះប្រសិនបើចង់រារាំងប្រទេសកូរ៉េខាងត្បូង កុំឲ្យចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរដោយខ្លួនឯង អាមេរិកត្រូវផ្តល់អ្វីមួយជាក់ស្តែងដល់កូរ៉េខាងត្បូង។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក ចូ បាយដិន បាននិយាយថា «ការវាយប្រហារដោយនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន គឺមិនអាចទទួលយកបានទេ ប៉ុន្តែនឹងធ្វើឲ្យរបបណាមួយនោះរលំរលាយជាក់ជាមិនខាន»។

ជាការតបស្នងចំពោះការយល់ព្រមមិនផលិតអាវុធនុយក្លេអ៊ែរវិញ សហរដ្ឋអាមេរិកបានទាមទារឲ្យកូរ៉េខាងត្បូង នៅតែជារដ្ឋគ្មាននុយក្លេអ៊ែរ និងជាអ្នកតស៊ូមតិដ៏ស្មោះត្រង់ ប្រឆាំងនឹងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយសារសហរដ្ឋអាមេរិក មើលឃើញថា ការរារាំងកូរ៉េខាងត្បូងមិនឲ្យមាននុយក្លេអ៊ែរជារឿងសំខាន់ ដោយបារម្ភថា ប្រសិនបើហាមឃាត់កូរ៉េខាងត្បូងមិនបានទេ ប្រទេសផ្សេងទៀតអាចនឹងទាមទារផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងដែរ។

ប៉ុន្តែការប្តេជ្ញាចិត្តរបស់អាមេរិកទាំងនេះ ទំនងជាមិនអាចតម្រូវចិត្តអ្នកមានឥទ្ធិពល និងការទាមទារកាន់តែខ្លាំងឡើងៗ ក្នុងចំណោមក្រុមអ្នកសិក្សា អ្នកវិទ្យាសាស្ត្រ និងសមាជិកនៃគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង ដែលបាននិងកំពុងជំរុញឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូល មានអាវុធនុយក្លេអ៊ែរ ដែលរបស់ខ្លួនឯងផ្ទាល់ ប្រសើជាងពឹងអាមេរិកទាំងស្រុងពេក៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img