29 C
Phnom Penh
Sunday, March 3, 2024

អាមេរិកចង់ឱ្យចិនពន្លឿនការរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា លោកស្រីចង់ឱ្យប្រទេសចិនចាត់វិធានការឱ្យបានលឿនជាងនេះ ដើម្បីគាំទ្រដល់ការរៀបចំបំណុលជាក់លាក់ឡើងវិញសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសសម្រាប់ប្រទេសសំប៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីលោកស្រី Yellen ខណៈថ្លែងក្នុងព្រឹត្តិការណ៍មួយនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោនថា ប្រទេសចិនបានពន្យាពេលរៀបចំបំណុលឡើងវិញដោយសារតែទីក្រុងប៉េកាំងបានទាមទារឱ្យធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នផ្សេងទៀតចូលរួមក្នុងការកាត់បន្ថយបំណុលសម្រាប់ប្រទេសដែលជួបវិបត្តិបំណុល។

លោកស្រី Yellen បានមានប្រសាសន៍ថា៖ «ប្រទេសចិនពិតជាត្រូវមកកាន់តុចរចា។ ការខ្វះឆន្ទៈរបស់ចិនក្នុងការចូលរួមយ៉ាងទូលំទូលាយ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ពិតជាបានបង្កការរាំងស្ទះដំណើរការ»។

លោកស្រីបានថ្លែងថា តាមរយៈការសន្ទនាពហុភាគី រួមទាំងជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នៅទីក្រុង Zurich កាលពីខែមុនផងដែរនោះ លោកស្រីសង្ឃឹមថា ក្រុងប៉េកាំង «យល់បញ្ហានេះ ហើយប្រហែលជាមានឆន្ទៈធ្វើការងារដើម្បីធ្វើឱ្យមានការរីកចម្រើនលឿនជាងមុន»។

ប៉ុន្តែលោកស្រីបាននិយាយថា សំណួរដ៏ទូលំទូលាយមួយចំនួន ដូចជាថាតើស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចូលរួមក្នុងការរៀបចំបំណុលឡើងវិញឬយ៉ាងណានោះ កំពុងតែរារាំងវឌ្ឍនភាពលើករណីជាក់លាក់។

លោក Yellen បាននិយាយថា នៅក្នុងករណីរបស់ប្រទេសសំប៊ី លោកស្រីចង់ឃើញការវិវឌ្ឍយ៉ាងឆាប់រហ័សពីប្រទេសចិនលើការរៀបចំបំណុលឡើងវិញរបស់ប្រទេសនេះ «និងពិភាក្សាអំពីបញ្ហាទូលំទូលាយទាំងនេះដោយឡែកពីគ្នា»។

លោកស្រី Yellen បានថ្លែងថា នឹងមានការរៀបចំវេទិកាមួយដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះក្នុងខែកុម្ភៈនៅទីក្រុង Bengaluru ជាទីដែលក្រុមប្រទេស G20 នឹងកោះប្រជុំតុមូលស្តីពីការរៀបចំបំណុលឡើងវិញ ដែលក្នុងនោះរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងអភិបាលធនាគារកណ្តាលរបស់ប្រទេសចិនត្រូវបានរំពឹងថានឹងចូលរួមផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img