26 C
Phnom Penh
Wednesday, December 25, 2024

អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកោះកុង ត្រៀមជម្លៀសអ្នកជំងឺកូវីដចេញពីអគារសិក្សាទៅទីតាំងថ្មី ដើម្បីបើកសាលាឡើងវិញនៅសប្តាហ៍ក្រោយនេះ

ស្តាប់អត្ថបទជាសម្លេង

កោះកុង៖ អាជ្ញាធរខេត្តកោះកុង និងមន្រ្តីជំនាញ អះអាងថា នឹងជម្លៀសអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅតាមបណ្តាគ្រឹះស្ថានអប់រំ ទៅកាន់អគារព្យាបាលថ្មី ដែលត្រៀមទុករួចជាស្រេច ដើម្បីយកទីតាំងអនុវិទ្យាល័យ វិទ្យាល័យ ឱ្យសិស្សចូលរៀនឡើងវិញ ក្រោយពីក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឱ្យដឹង នៅក្រោយកិច្ចប្រជុំពិនិត្យពីលទ្ធភាពបើកសាលារៀន ដល់សិស្សកម្រិតមធ្យមសិក្សា នៅថ្ងៃទី០៦ ខែកញ្ញានេះថា អាជ្ញាធរខេត្ត ក្រុង ស្រុក ក៏ដូចជាមន្រ្តីជំនាញ កំណត់យកថ្ងៃទី១៣ ខែកញ្ញា ខាងមុខបើកទា្វរសាលារៀនទទួលសិស្សចូលសិក្សាឡើងវិញ ប៉ុន្តែមូលដ្ឋានក្រុងស្រុកខ្លះនៅមានការបារម្ភកត្តាឆ្លងជំងឺកូវីដ-១៩ ហើយក៏មានបណ្តាស្រុកមួយចំនួនមានអ្នកជំងឺកូវីដជាសះស្បើយស្ទើរតែអស់ហើយដែរ។

 

លោកបញ្ជាក់ថា តបនឹងការអនុញ្ញាតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុងស្រុក និងមន្រ្តីជំនាញ បានឯកភាពគ្នាថា ត្រៀមជម្លៀសដឹកជញ្ចូនអ្នកជំងឺកូវីដប្រភេទស្រាលចេញពីអគារអនុវិទ្យាល័យ វិទ្យាល័យទៅកាន់អគារព្យាបាលថ្មីដែលមានរៀបចំទុកជាស្រេចហើយ ដើម្បីយកគ្រឹះស្ថានអប់រំរដ្ឋមកដំណើរបង្រៀនវិញ។

លោកបន្តថា ចំពោះមូលដ្ឋានដែលមិនអាចបើកសាលារៀនបាន ត្រូវបន្តរៀនជាបណ្តុំរក្សាគម្លាតសុវត្ថិភាព រៀនតាមអនឡាញជាដើម រីឯពេលវេលាកំណត់ជាក់លាក់អនុញ្ញាតឱ្យសិស្សចូលរៀនចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ឡើងវិញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ខេត្តកោះកុង សិស្សកម្រិតបឋមសិក្សាមានចំនួន១៦.៦៨០នាក់ ស្រីចំនួន ៧.៩៣២នាក់ និងសិស្សកម្រិតមធ្យមសិក្សាមានចំនួន៥.៣៩៣នាក់។

លោក វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអះអាងថា ក្រោយជម្លៀសអ្នកជំងឺកូវីដ-១៩ ប្រភេទស្រាលចេញពីអនុវិទ្យាល័យ ឬវិទ្យាល័យអស់ គឺក្រុមការងារសុខាភិបាលនឹងចុះបាញ់ថ្នាំសម្លាប់មេរោគតាមក្បួនវេជ្ជសាស្រ្ត ចៀសជាងបន្សល់ទុកមេរោគបណ្តាឱ្យអាចឆ្លងទៅកាន់សិស្ស ត្បិតពួកគេបានចាក់វ៉ាក់សាំងដូសទី២ គ្រប់គ្នាក៏ដោយ។

ទីតាំងដែលត្រូវជម្លៀសអ្នកជំងឺកូវីដពីសាលារៀនទី១ អ្នកជំងឺនៅវិទ្យាល័យកោះកុង ផ្ទេរទៅអគារព្យាបាលស៊ូនឹង ក្រុងខេមរភូមិន្ទ, ទី២អ្នកជំងឺនៅវិទ្យាល័យចាំយាម អនុវិទ្យាល័យប៉ាក់ខ្លង ផ្ទេរទៅអគារព្យាបាលស៊ូនឹង ស្រុកមណ្ឌលសីមា និងទី៣ អ្នកជំងឺកូវីដនៅវិទ្យាល័យស្រែអំបិល ត្រូវផ្ទេរទៅសាលាបឋមសិក្សាជីខលើ។ ដោយឡែកស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកគិរីសាគរ ស្ថានភាពអ្នកជំងឺបានជាសះស្បើយស្ទើរតែអស់គ្មានសល់ ដូច្នេះអាចបើកសាលារៀនវិញបាន១០០ភាគរយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img