29 C
Phnom Penh
Saturday, November 30, 2024

អាជ្ញាធរ ចុះកាយចោលខឿនថ្ម ដែលជនអនាមិករៀបចូលសមុទ្រប៉ុនប៉ងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

កែប៖ សកម្មភាពបទល្មើសរំលោភយកធនធានធម្មជាតិ នៅក្នុងរង្វង់ស្រុកដំណាក់ចង្អើរ កំពុងបង្ករបញ្ហាឈឺក្បាលដល់អាជ្ញាធរពីសំណាក់ក្រុមអ្នកចង់បានទ្រព្យសម្បត្តិរបស់រដ្ឋមួយចំនួន ដែលតែងតែជួលក្រុមប្រជាពលរដ្ឋឱ្យមកធ្វើសកម្មភាពរំលោភបំពាន តាមរូបភាពផ្សេងៗ ដោយមិនខ្លាចញញើតច្បាប់បន្តិចណាឡើយ។ 

ជាក់ស្តែង មានករណីរៀបខឿនចូលសមុទ្រ មួយកន្លែង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងបំណងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ តែត្រូវបរាជ័យដោយសារអាជ្ញាធរចុះមកបង្រ្កាប និងរុះរើសំណង់ខឿនទាំងនោះចោលគ្មានសល់។ 

បន្ទាប់ពីមានបទបញ្ជាពីលោក សោម  ពិសិដ្ឋ អភិបាលខេត្តកែប ក្រុមការងាររបស់សាលាស្រុកដំណាក់ចង្អើរ ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចុះរុះរើសំណង់រៀបខឿនថ្មនោះចេញវិញដោយប្រើគ្រឿងចក្រ ដែលខឿនថ្មនេះមានទទឹង៨តឹក កំពស់១ម៉ែត្រ បណ្តោយប្រវែង៨០ម៉ែត្រ។

បើយោងទៅតាមប្លង់ ការរៀបខឿនចូលសមុទ្រពីសំណាក់ជនអនាមិកនេះ មានទំហំរហូត  ១.៤៥៨ម៉េត្រការ៉េ។ 

លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ បានឱ្យដឹងថា ការរៀបខឿននេះគឺរំលោភចូលសមុទ្រជាទ្រព្យសម្បត្តិរបស់រដ្ឋទាំងស្រុង តែលោកស្រីមិនអាចបញ្ជាក់ថា ជននៅពីក្រោយរឿងនេះ ជានរណានោះទេ ដោយលោកស្រីថា “មិនស្គាល់ទេ”។ 

នៅជុំវិញឆ្នេរអង្កោល ការរៀបខឿនចូលសមុទ្រ ដើម្បីទន្រ្ទានធ្វើជាកម្មសិទ្ធិ មិនមែនជារឿងដែលទើបតែកើនឡើងថ្មីៗនោះទេ កន្លងមកករណីដូចគ្នានេះ បានកើតឡើងជាញឹកញាប់ ហើយកន្លែងខ្លះក៏ជោគជ័យ កន្លែងខ្លះក៏ទើបតែរៀបហើយថ្មីៗ តែមិនទាន់ឃើញវិធានការរបស់រដ្ឋបាលស្រុក ក៏ដូចជារដ្ឋបាលខេត្ត ចាត់ចែងយ៉ាងណាចំពោះបញ្ហានេះនៅឡើយ។ 

តែយ៉ាងណាក៏ដោយ លោកស្រី គឹម ចន្នី អះអាងថា៖ “យើងនឹងធ្វើវា ទៅតាមនីតិវិធី”។

ប្រជាពលរដ្ឋនៅជាប់តំបន់ឆ្នេរ បានសម្តែងការសាទរ ចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរ តែពួកគាត់សំណូមពរ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចបន្តធ្វើបែបនេះទៅកន្លែងដទៃទៀតផង។ 

យោងតាមប្រភពបង្ហើបថា ករណីរៀបខឿនចូលលសមុទ្រ ពីចំណុចអូរដូង តម្រង់ទៅភ្ជាប់ជាមួយជើងភ្នំអង្កោលតូច (ភ្នំបារាំង) នេះ គឺជាម្ចាស់តែមួយដែលបានរៀនខឿនចូលសមុទ្រ និងដើរប្រមូលទិញដីពលរដ្ឋនៅតំបន់នេះ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img