26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារ ជួសជុលពង្រឹងរចនាសម្ព័នកំាជណ្តើច្រាំងកសិន្ធុ ផ្នែកខាងត្បូងស្ពានហាល នៃប្រាសាទអង្គរវត្ត ក្នុងគោលបំណង លើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីទ្រទ្រុងភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញានេះថា គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធកសិន្ធុផ្នែកខាងត្បូង    បានចែកចេញជា៣ដំណាក់កាលធំៗ ក្នុងប្រវែងសរុប២០០ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាជួសជុលចំនួន0៣ឆ្នាំ ដោយទី១ការពង្រឹងរចនាសម្ព័ន្ធចាស់ ដោយចាក់បេតុងកាំជណ្តើរបន្ថែមនៅគ្រឹះខាងក្រោម និងកែសម្រួលផ្នែកស្រុតខ្លះៗ ទី២ធ្វើការជួសជុលនៅផ្នែកកាំជណ្តើរ ដែលរលួសខ្លះឬបាត់បង់រូបរាងដើមផ្នែកមធ្យម និងដំណាក់កាលទី៣ ធ្វើការជួសជុលកាំជណ្តើរដែលខូចខាតទ្រុងទ្រាយដើម ដែលបានជួសជុលតាំងពីជំនាន់បារាំងមក។

លោកបន្តថា បច្ចុប្បន្នក្រុមការងារកំពុងធ្វើការ កល់ទ្របេតុងដែលបាក់ៗ បន្ទាប់មក ធ្វើទំនប់ប្រវែង៨០ម៉ែត្រ ដើម្បីបូមទឹកចេញ ចាប់ផ្តើមការងារសិក្សាបុរាណវិទ្យា ពិនិត្យស្ថានភាពគ្រឹះខាងក្រោម និងអនុវត្តការងារពង្រឹងគ្រឹះតែម្តង។

ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ នៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ នៅជុំវិញប្រាសាទ គូទឹកឬកសិន្ធុ ព័ទ្ធជុំវិញ ដោយកសិន្ធុទឹកនេះ ក៏មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយប្រាសាទ ជាពិសេសការជួយទ្រទ្រង់គ្រឹះខាងក្រោម រក្សាលំនឹងប្រាសាទ ឱ្យនៅស្ថិតស្ថេរយូរអង្វែង។ដោយសារ កត្តាអាយុកាល អាកាសធាតុ ដើមឈើដុះជុំវិញ បានធ្វើឱ្យកាំជណ្តើរនៃច្រាំងកសិន្ធុរលួសចេញពីគ្នា បានរងការខូចខាតជាខ្លាំង។

បន្ទាប់ពីបញ្ចប់គម្រោងសិក្សារយៈពេល២ឆ្នាំមក ឈានចូលមកដល់ដើមខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារ ជួសជុលពង្រឹងរចនាសម្ព័នកំាជណ្តើរច្រាំងកសិន្ធុ ផ្នែកខាងត្បូងស្ពានហាល នៃប្រាសាទអង្គរវត្ត។

សូមរំឭកថា ច្រាំងកសិន្ទុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិបានធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអ៊ីតាលី និងអ្នកជំនាញការប្រទេសឥណ្ឌា។រហូតមកដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិរក្សនិងជួសជុលប្រាំង្គប្រាសាទនិងកសិន្ធុ ដើម្បីអភិរក្សសំណង់បុរាណខ្មែរ  ឱ្យរឹងមាំយូរអង្វែង និងលើកតម្លៃសោភណភាព សំណង់បេតិកភណ្ឌឱ្យមានភាពស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img