26 C
Phnom Penh
Wednesday, December 25, 2024

អាជ្ញាធរខេត្តកំពត បើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺដុំពកលើស្បែកសត្វគោ ខណៈមានសត្វគោចំនួន១០ក្បាលបានងាប់

កំពត៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកលើសត្វគោក្របីរបស់ប្រជាពលរដ្ឋនៅ ភូមិត្រពាំងស្លា ឃុំសម្លាញ ស្រុកអង្គជ័យ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។ ការបើកយុទ្ធនាការនេះ ខណៈស្រុកទាំង៧ របស់ខេត្តកំពត មានសត្វគោកើតជំងឺដុំពកស្បែកចំនួន ៨៤៣ក្បាល់ ក្នុងនោះជាសះស្បើយចំនួន ៥៧៥ក្បាល និងស្លាប់ចំនួន ១០ក្បាល និងកំពុងព្យាបាល ២៥៨ក្បាល។

លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានឱ្យដឹងថា ជំងឺនេះងាយឆ្លងណាស់ ហើយដើម្បីការពារ កសិករត្រូវរូសរាន់នាំសត្វគោក្របីទៅចាក់វ៉ាក់សាំងការពារ ដោយទំនាក់ទំនង់ទៅអាជ្ញាធរ ឬពេទ្យសត្វក៏បាន។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋត្រូវកំចាត់សត្វល្អិតដែលជាភ្នាក់ងារចម្លងជំងឺ មានដូចជា រុយ មូស ល្បោម តុកកែ ជាដើម។ ក្រៅពីនេះ ត្រូវបំបែកសត្វឈឺចេញពីសត្វជា ដើម្បីកុំឱ្យមានការចម្លងបន្ត។ 

ជាមួយគ្នានេះ លោក ម៉េង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យដឹងថា ជំងឺដុំពកស្បែកគោក្របី ដែលបង្ករឡើងដោយពពួកវីរុស គ្មានថ្នាំព្យាបាលទេ ហើយវាអាចឆ្លងពីសត្វមួយទៅសត្វមួយបានយ៉ាងឆាប់រហ័ស និងអាចធ្វើឱ្យសត្វងាប់ក្នុងចន្លោះអត្រាពី ១ទៅ១០ភាគរយ ប្រសិនបើមិនមានការថែទាំ និងផ្តល់ចំណីអាហារឱ្យបានត្រឹមត្រូវទេ។ ជំងឺដុំនេះវាមិនធននឹងទឹកសាប៊ូទេ ដូច្នេះនៅពេលគោក្របីមានរោគសញ្ញាដូចជាហើមក ហើមពោះ ហើមជើង ឬមានដុំពកស្បែក ត្រូវឧស្សាលាងជាមួយទឹកម្សៅសាប៊ូ បន្ទាប់មកអាចលាបថ្នាំត្រង់ចំណុចពងបែកដោយប្រើថ្នាំមេតាឌីន ឬប្លើម៉េទីឡែន បន្ទាប់មកទៀតចាក់ថ្នាំប៉ារាសេតាម៉ុល ដើម្បីព្យាបាល។

សូមបញ្ជាក់ថា យោងតាមឯកសាររបស់អង្គការសុខភាពសត្វពិភពលោក បានឱ្យដឹងថា ជំងឺនេះបានកើតឡើងជិត ១០០ឆ្នាំមកហើយនៅលើពិភពលោក ប៉ុន្តែទើបតែកើតដំបូងនៅកម្ពុជានៅដើមខែមិថុនា ឆ្នាំ២០២១។ ការនេះប្រមុខរាជរដ្ឋភិបាល ក៏ដូចជាក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល បានស្វែងរកទិញវ៉ាក់សាំងដើម្បីយកមកចាក់ដល់គោក្របីរបស់ប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាពដោយះ​ puthinews

អានបន្ត

spot_img
spot_img