ស្តាប់អត្ថបទជាសម្លេង
កំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ កំពុងពិភាក្សាពីលទ្ធភាពបើកសាលារៀនឱ្យដំណើរការឡើងវិញ នៅក្នុងភូមិសាស្ត្រខេត្តកំពតទាំងមូល បន្ទាប់ពីមានសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងកិច្ចប្រជុំពិភាក្សាដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក ជាវ តាយ បានបញ្ជាក់ថា ដោយសារស្ថានភាពជាក់ស្តែងនៃការឆ្លងរីករាលដាលជំងឹកូវីដ-១៩ មានភាពធូរស្បើយ ពិសេសនៅតាមតំបន់ជនបទឆ្ងាយៗ ដែលអាចផ្តល់លទ្ធភាពក្នុងការបើកសាលារៀនឱ្យដំណើរការឡើងវិញ បានបង្កភាពងាយស្រួលដល់សិស្សានុសិស្សមួយចំនួន ដែលមានការលំបាកក្នុងការស្វែងរកមធ្យោបាយសិក្សាតាមប្រព័ន្ធអនឡាញ ពិសេសដើម្បីពង្រឹងដល់គុណភាពសិក្សាឡើងវិញ។
ទន្ទឹមនឹងនេះ លោក ជាវ តាយ ក៏បានធ្វើការណែនាំឱ្យដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឱ្យវាយតម្លៃអំពីសាលារៀនដែលត្រូវបើកដំណើរការឡើងវិញឱ្យបានច្បាស់លាស់ និងធានាកុំឱ្យមានបញ្ហាប្រឈម ឬហានិភ័យកើតឡើង។ ទន្ទឹមនេះអភិបាលស្រុក-ក្រុង ត្រូវវាយតម្លៃអំពីស្ថានភាពជំងឺកូវីដ-១៩ ឱ្យបានច្បាស់លាស់ក្នុងកាលើកសំណើបើកសាលាឡើងវិញ ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងត្រូវជំរុញរៀបចំសម្អាតបរិវេណសាលារៀន ឱ្យបានគ្រប់សាលាទាំងអស់។ ក្រៅពីនេះ ត្រូវជំរុញការផ្សព្វផ្សាយឱ្យកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅចាក់វាក់សាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ហើយត្រូវរៀបចំស្ថិតិ នៃការចាក់វាក់សាំងឱ្យបានច្បាស់លាស់។ ការបើកសាលារៀនឡើងវិញនេះ ក៏ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ៤៦របស់ក្រសួងអប់ រំយុវជន និងកីឡា។ រីឯមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្តាក្រុង-ស្រុក ដែលកំពុងដំណើរការ ត្រូវរក្សាសិន រង់ចាំពិនិត្យឡើងវិញនៅពេលក្រោយបន្តទៀត។
សូមបញ្ជាក់ថា សាលារៀនក្នុងខេត្តកំពតមានចំនួន ៤១៦គ្រឹះស្ថានសិក្សា ហើយបច្ចុប្បន្នមានសាលារៀនចំនួន ៣កន្លែង ត្រូវយកទៅធ្វើជាមណ្ឌលចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងពី លោក តាក់ ហាប់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ៕
អត្ថបទ និងរូបភាពដោយះ Puthi News