ស្តាប់អត្ថបទជាសម្លេង
កំពង់ធំ៖ អាជីវករ លក់បន្លែ ត្រីសាច់ បង្អែមផ្លែឈើគ្រឿងទេស បាននាំគ្នាលក់ដង្ហែតាមចិញ្ចើមផ្លូវជាច្រើនកន្លែង និងស្នើសុំឱ្យអាជ្ញាធរពន្លឿន ការកន្លែងលក់ដូរឱ្យបានសមរម្យ និងឆាប់រហ័ស បន្ទាប់ពីអាជ្ញាធរបិទផ្សារចំនួន៣ទីតាំងរួមមាន ផ្សារកំពង់ធំ ផ្សារស្ទឹងសែន(ផ្សារចាស់) និងផ្សារ ក្បាលថ្នល់ (ផ្សារក្តីដូង) រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ខ្សែជំងឺកូវីដ-១៩ក្នុងសហគមន៍។
លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងប្រាប់ឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ បានគិតគូររួចរាល់ហើយ និងកំពុងស្វែងរកទីតាំងកន្លែងលក់ដូរជូនបងប្អូនអាជីវករ ប៉ុន្តែទី១ ប្រឈមនៃការ រកទីតាំង ហើយអាជ្ញាធរកំពុងតែស្វែងរក និងទី២ ក៏មិនអាចឱ្យបងប្អូនអាជីវករលក់តាមចិត្តដែរ ព្រោះថាយើងមិនដឹងថាបុគ្គលណាខ្លះ ប៉ះពាល់ផ្ទាល់ ប៉ះប្រយោល ហើយពួកគាត់ទាំងអស់គ្នា ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះ អ្នកប៉ះផ្ទាល់ និងប្រយោល។
ទន្ទឹមនឹងនេះក្រុមអាជីវករលក់ដូរបានប្រាប់ ពុទ្ធិញូវ នាព្រឹកថ្ងៃទី១៧ ខែសីហា ស្រដៀងគ្នាថា ពួកគាត់សម្រេចចិត្ត មកលក់ដូរតាមចិញ្ចើមផ្លូវ និងលក់ដូរចល័ត ដោយសារពួកគាត់បាន ធ្វើតេស្តរកមេរោគកូវីដ រួចរាល់ចំនួន ២ដង និងអវិជ្ជមាន។ លើសពីនេះក្រុមអាជីវករបានរក្សាគម្លាត អនាម័យ ពាក់ម៉ាស អាកុល តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន៕
អត្ថបទ និងរូបភាពដោយ៖ Puthi News