
ស្តាប់អត្ថបទជាសំឡេង
កំពង់ចាម៖ ច្រាំងទន្លេមេគង្គស្ថិតនៅចំណុចភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បានទទួលរងការបាក់ស្រុតជាបន្ទបន្ទាប់ប្រវែងជិត២០០ម៉ែត្រ ដោយសារតែទឹកភ្លៀងហូរច្រោះ ហើយបន្ទាប់ពីទទួលបានពីផលប៉ះពាល់ខាងលើនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តក៏បាន ដឹកនាំក្រុមការងារងមន្ត្រីបច្ចេកទេស ដើម្បីអញ្ជើញចុះ ពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេមេគង្គខាងលើ។

ជាមួយគ្នានេះដែរលោកអភិបាលខេត្តកំពង់ចាមក៏បានស្នើសុំគោលការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារ និងជួសជុល ឡើងវិញដើម្បីបម្រើឱ្យផល ប្រយោជន៍សាធារណៈផងដែរ។
ទន្ទឹមនឹងនេះ លោក អ៊ុម វិបុល ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ផងដែរថា ស្ថានភាពបាកច្រាំងទន្លេនេះ គឺចាប់ផ្តើមបាក់រយៈពេល២ទៅ៣ថ្ងៃហើយ និងបានបាក់ច្រាំងប្រវែងជិត២០០ម៉ែត្រ និងបាក់ចូលប្រវែង ៣ ទៅ ៧ម៉ែត្រ ដែលការបាក់នេះ ដោយមូលហេតុនៅផ្នែកខាងលើនៃច្រាំងទន្លេបានជ្រាបដោយទឹកភ្លៀង និងរអិលបាក់តែម្តង។

ជាការដោះស្រាយចំពោះមុខគឺអាជ្ញាធរ និងមន្ទីរធនធានទឹកនឹងបំពាក់ម៉ាស៊ីនបូមទឹក រំដោះចេញនៅផ្នែកខាងលើច្រាំងកុំឱ្យបន្តបាក់បន្ថែមទៀត និងបានណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងមានការស្លាប់បាត់បងជីវិត។
សូមបញ្ជាក់ថាការបាក់ច្រាំងទន្លេ នេះគឺផ្តើមចេញដើយកត្តាផ្សេងហើយស្រុកមួយចំនួនដូចជា ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម ស្រុកោះសូទិន ស្រុកស្រីសន្ធរ និងស្រុកកងមាស តែងតែទទួលរងបាក់ច្រាំងទន្លេ ហើយរដ្ឋបាលខេត្តកំពង់ចាម តែងតែសហការជាមួយមន្ទីរ ក្រសួងធនធានទឹក និងអ្នកពាក់ព័ន្ធ ដើម្បីជួសជុលបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់ផងដែរ៕




អត្ថបទ និងរូបភាពដោយ៖ Puthinews