31 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខណ្ឌចំការមន ចុះកាយអាចម៌ដីដែលគេរំលោភយក ចេញពីអាងស្តុកទឹកបឹងត្របែក និងធ្វើការស្ថាបនាផ្លូវព័ទ្ធជុំវិញ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះដាក់គ្រឿងចក្រ កាយយកអាចម៌ដី ដែលគេរំលោភយកចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែករួចរាល់អស់ហើយ ខណៈគ្រឿងចក្របាននិងកំពុងធ្វើការស្ថាបនាផ្លូវទំនប់ខ្នងប្រឡាយព័ទ្ធជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែង និងឈូសឆាយដីបើកផ្លូវលេខ៤៩៦ និងផ្លូវ៤៩០ ដោយមានខ្នងទំនប់ព័ទ្ធផ្ទៃបឹងរហូតដល់ផ្លូវ២៧១។

លោក ថេង សុថុល បានឱ្យដឹងថា លោកដឹកនាំមន្ត្រីជំនាញចុះកាយយកអាចម៌ដីចេញដែលគេលួចចាក់ចូលផ្ទៃអាងស្តុបទឹក និងវាស់វែងបើកផ្លូវចំនួន៣ខ្សែ ក្រោយពីអាជ្ញាធរចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់មិនរៀបរយ និងការចាក់ដីរំលោភទន្ទ្រានលើផ្ទៃបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ។ ការចុះអនុវត្តវិធានការរដ្ឋបាលរុះរើទីតាំងខាងលើ ក្រោយពីមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញេ។ ជាក់ស្តែងអាជ្ញាធរបានពិនិត្យឃើញថា មានជនមួយក្រុម បានធ្វើការដឹកជញ្ជូនគ្រឿងចក្រ ដឹកអាចម៌ដីមកចាក់រំលោភយកផ្ទៃអាងស្តុបទឹកបឹងត្របែក ព្រមទាំងមានការសាងសង់សំណង់ផ្សេងៗ រួចបន្លំចាក់ដីពង្រីកបន្ថែមដើម្បីបំភ័ន្តថា ជាដីដែលបានបង្កបង្កើនផលមានការដាំដុះដំណាំផ្សេងៗ ព្រមទាំងមានរោងចិញ្ចឹមសត្វមាន់ ទា ផងដែរ។

ក្នុងករណីនេះ លោកអភិបាលខណ្ឌចំការមន បានបញ្ជាក់ថា ទង្វើទាំងអស់នេះ ជាការបំពាន និងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះបានរំលោភយកផ្ទៃអាងស្តុបទឹក ដែលជាបឹងធំមួយនៅកណ្តាលរាជធានីភ្នំពេញ។ ក្នុងនាមអាជ្ញាធរ ដែនដី ក៏ដូចជាមន្ត្រីជំនាញ មិនអនុញ្ញាតឱ្យជនខិលខួចបន្តលួចសាងសង់សំណង និងចាក់ដីរំលោភច្បាប់បែបនេះបានឡើយ។ ទង្វើរបស់ពួកគេ បានរំលោភលើអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល លេខ២២១ អនក្រ.បក ស្តីពី ការកំណត់ផ្ទៃអាងស្តុបទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

ពាក់ព័ន្ធនឹងបញ្ហារំលោភផ្ទៃអាងបឹងត្របែកនេះដែរ អាជ្ញាធរខណ្ឌចំការមនតែងតែចុះធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំឱ្យមានការសាងសង់សំណង់ផ្សេងៗរំលោភលើផ្ទៃបឹង ដែលជាអំពើសុខច្បាប់។ បើទោះបីមានការផ្សព្វផ្សាយបែបនេះក្តី ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនរឹងទទឹង បន្តរំលាភ និងសង់សំណង  មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។ 

ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវតែចាត់វិធានការរដ្ឋបាលដាច់ខាត ដោយមិនអនុញ្ញាតឱ្យមានការរំលោភលើផ្ទៃអាងស្តុបទឹកបឹងត្របែកទេ។ ចំពោះអ្នកដែលបានទិញផ្ទៃបឹងត្របែក គ្មានអាជ្ញាធរណាហ៊ានចុះហត្ថលេខាទទួលស្គាល់ឡើយ ពិសេសចំពោះការទិញលក់ក្នុងទីផ្សារងងឹតដែលគ្មានភាពស្របច្បាប់ សូមបញ្ឈប់កុំប្រថុយ ព្រោះជាទង្វើល្មើសច្បាប់៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img