ស្តាប់អត្ថបទជាសម្លេង
រតនគិរី៖ លោកងិន ណែល អភិបាលក្រុងបានលុងបានឱ្យដឹង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ថា ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺ កូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ពីសហគមន៍ មួយទៅសហគមន៍ មួយអាជ្ញាធរបានរៀបចំកន្លែងលក់ដូរដល់ក្រុមអាជីវករឱ្យបានសមរម្យនឹងមានសុខុមាលភាព ដើម្បីប្រកបមុខរបរលក់ដូររកប្រាក់ចំណូលប្រចាំថ្ងៃរបស់ក្រុមអាជីវករក៏ដូចជាពលរដ្ឋទូទាំងខេត្តដែលមានទំនិញបន្លែផ្លែឈើត្រីសាច់យកមកតាំងលក់នៅផ្សារបានលុង។
លោកអភិបាលក្រុងក៏បានសង្កត់ធ្ងន់ថា”បើអាជីវករឬក៏ម្ចាស់ផ្ទះដែលមានតាំងលក់គ្រឿងសម្ភារៈផ្សេងៗ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរបុគ្គលនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។
លោកអភិបាលក្រុងបានបញ្ជាក់ថាបន្ទាប់ពីក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីបានធ្វើតេស្តរហ័សរកឃើញវិជ្ជាមានជំងឺកូវីដ-១៩ ទៅលើក្រុមអាជីវករលក់ដូរក្នុងផ្សារក្រុងបានលុងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២១ មកផ្សារបានលុងត្រូវបានបិទបណ្ដោះអាសន្នជាលើកទី២ ដោយស្របតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តបានចេញដំណឹងជូន។
សូមបញ្ជាក់ថា ក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារដែលរៀបចំដោយអាជ្ញាធរ គឺត្រូវអនុវត្តតាមគោលការណ៍របស់វិធានការដ្ឋាភិបាល ៣កុំ ៣ការពារ ជាពិសេសជាងនេះទៅទៀតអាជ្ញាធរមិនអាចអនុញ្ញាតឱ្យតាំងលក់មុខរបរណាជួបហានិភ័យខ្ពស់នោះទេ គឺតម្រូវឱ្យលក់តែបន្លែត្រីសាច់ប៉ុណ្ណោះ ចំពោះខោអាវ ឬគ្រឿងអលង្ការអាជ្ញាធរមិនអនុញ្ញាតឱ្យចូលលក់នៅក្នុងផ្សារដែលរៀបចំដោយអាជ្ញាធរឡើយ។
ដោយឡែកសម្រាប់ពលរដ្ឋដែលមានផ្ទះនៅជាប់ដងផ្លូវសាធារណៈ ហើយមានការបើកលក់ក៏ត្រូវអនុវត្តតាមគោលការណ៍របស់អាជ្ញាធរ ក៏ដូចជាវិធានសុខាភិបាលដោយចងខ្សែនៅពីមុខផ្ទះហើយមិនត្រូវអនុញ្ញាតឱ្យភ្ញៀវចូលទិញរបស់របរបប្រជ្រៀតគ្នានោះទេ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News