30 C
Phnom Penh
Monday, November 11, 2024

អាជ្ញាធរកូឡុំប៊ីស្ទាក់ចាប់បាននាវាពាក់កណ្តាលមុជទឹកដែលមានដឹកថ្នាំញៀន១.៨តោន

ស្តាប់អត្ថបទជាសម្លេង

កងទ័ពជើងទឹកកូឡុំប៊ីបាននិយាយកាលពីថ្ងៃពុធថា ពួកគេរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៊ីនចំនួន១.៨តោនដែលត្រូវបានដឹកតាមនាវាពាក់កណ្តាលមុជទឹកមួយគ្រឿងនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក។

កងទ័ពជើងទឹកកូឡុំប៊ីបាននិយាយថា ប្រតិបត្តិការនោះបានរារាំងសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀនកូកាអ៊ីនជាង៤៤.៥លានដូសនៅក្នុងប្រទេសជិតខាង ហើយវាមានតម្លៃ៦០លានដុល្លារអាមេរិកនិងត្រូវបានចែកចាយដោយក្រុមឧទ្ទាមហ្វាស់ (FARC) ។

កងទ័ពជើងទឹកកូឡុំប៊ីបានឲ្យដឹងថា មានមនុស្សមួយចំនួនលោតចូលទៅក្នុងទឹកនៅពេលដែលពួកគេឃើញអាជ្ញាធរ និងគេចចូលទៅក្នុងតំបន់ព្រៃកោងកាងដោយទុកចោលនាវាពាក់កណ្តាលមុជទឹកដែលមានដឹកថ្នាំញៀននោះនិងទូកល្បឿនលឿនមួយគ្រឿងទៀត។

នៅពេលដែលអាជ្ញាធរត្រួតពិនិត្យខាងក្នុងនាវាដែលមានប្រវែង១៧ម៉ែត្រនោះ គេបានរកឃើញថ្នាំញៀនចំនួន៩០បាវ បន្ទាប់មកត្រូវបានបញ្ជូនទៅកំពង់ផែដើម្បីឲ្យក្រុមការងារបច្ចេកទេសស៊ើបអង្កេតរបស់ការិយាល័យព្រះរាជអាជ្ញាធ្វើតេស្តិ៍បឋម  ហើយលទ្ធផលបង្ហាញថាជាប្រភេទកូកាអ៊ីន។

កាលពីខែមុន កងទ័ពជើងទឹកកូឡុំប៊ីក៏ស្ទាក់ចាប់បានទំនិញមានតម្លៃជាង២០០លានដុល្លារអាមេរិកដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាម ហ្វាស់ (FARC) ផងដែររួមជាមួយនិងការរឹបអូសបានថ្នាំញៀនជាង៥.៨តោន, នាវាពាក់កណ្តាលមុជទឹក៣គ្រឿង និងទូកល្បឿនលឿន៣គ្រឿងព្រមទាំងបានបំផ្លាញចោលនូវមន្ទីរពិសោធន៍សម្រាប់ផលិតថ្នាំញៀនកូកាអ៊ីនទៀតផង៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img