ស្តាប់អត្ថបទជាសម្លេង
ប្រតិបត្តិការរួមគ្នាមួយ ដែលធ្វើឡើងដោយទាហាន និងកងកម្លាំងទ័ពអាកាសរបស់ប្រទេសកូឡុំប៊ីបានរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៊ីនចំនួន ២,៤តោន ពីទូកមួយគ្រឿង និងបានចាប់ខ្លួនមនុស្ស០៥នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបនៅលេីផ្ទៃសមុទ្រកាលពីថ្ងៃសៅរ៍។
អាជ្ញាធរបាននិយាយថា ថ្នាំញៀនដែលត្រូវបានរឹបអូសបាននៅជិតកោះ សានអានដ្រេស (San Andres) នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបនេះ មានគោលដៅដឹកជញ្ជូនចូលទៅក្នុងតំបន់អាមេរិកកណ្តាលដោយទូកល្បឿនលឿន។
រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ីបាននិយាយថា ការបង្ក្រាបនេះធ្វេីឱ្យក្រុមជួញដូរគ្រឿងញៀនឈ្មោះ ហ្គូវគ្លេន (Gulf Clan) ខាតបង់ប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។
បេីទោះបីជាមានការប្រយុទ្ធប្រឆាំងនឹងការជួញដូរថ្នាំញៀនអស់ជាច្រើនទសវត្សរ៍មកហេីយក៏ដោយ ក៏កូឡុំប៊ីនៅតែជាប្រទេសដែលផលិតកូកាអ៊ីនច្រេីនបំផុតមួយនៅលើពិភពលោក ហើយបានប្រឈមមុខនឹងការដាក់សម្ពាធជាប្រចាំពីអាមេរិកដើម្បីឱ្យកាត់បន្ថយផលិតកម្មថ្នាំញៀនប្រភេទនេះដែលជាប្រភពហិរញ្ញវត្ថុនៅក្នុងជម្លោះប្រដាប់អាវុធផ្ទៃក្នុងនៅកូឡុំប៊ី។
កាលពីឆ្នាំ២០២០ កងកម្លាំងសន្តិសុខកូឡុំប៊ីបានបំផ្លាញដេីមកូកានៅលេីផ្ទៃដីប្រហែល ១៣ម៉ឺនហិកតា និងរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៊ីនប្រមាណ ៥០៥តោន។
ក្រុមឧទ្ទាមឆ្វេងនិយម ក្រុមឧក្រិដ្ឋជន និងអតីតក្រុមទាហានប៉ារ៉ាស្តាំនិយមរបស់កូឡុំប៊ីសុទ្ធតែចូលរួមក្នុងការផលិត និងដឹកជញ្ជូនថ្នាំញៀនទៅអតិថិជនដែលភាគច្រើនស្ថិតនៅក្នុងតំបន់អាមេរិកខាងជើង និងអឺរ៉ុប៕
អត្ថបទ និងរូបភាពដោយ Puthi News