ស្តាប់អត្ថបទជាសំឡេង


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំអភិបាលខណ្ឌដង្កោ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យដោយផ្ទាល់ស្ថានភាពជំនន់ទឹកភ្លៀង នៅទីតាំងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដែលធ្លាប់បានលិចលង់ក្នុងឆ្នាំកន្លងទៅ។


លោក ឃួង ស្រេង បានលើកឡើងថា នេះជាការចុះពិនិត្យស្ថានភាពជាក់ស្តែងដើម្បីអាចឱ្យកម្លាំងអាជ្ញាធរ បានត្រៀមខ្លួនរួចរាល់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលមានជំនន់ទឹកភ្លៀងភ្លាមៗ មិនឱ្យឆក់យកអាយុជីវិតប្រជាពលរដ្ឋ។ នេះជាគោលការណ៍ធំបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋទាំងការប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ក៏ដូចជាការប្រយុទ្ធប្រឆាំង និងការពារ ជំងឺកូវីដ-១៩។ ដូច្នេះក្នុងនាមអាជ្ញាធរគ្រប់ថ្នាក់ត្រូវតែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានត្រៀមសម្ភារបច្ចេកទេស និងគ្រឿងចក្រដើម្បីជួយ សម្រួលដល់ការកាយទំនប់ទប់ទឹកផងដែរ។


យោងតាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែតុលា សម្ពាធទាបសកម្មបានកើតឡើងនៅប្រទេស្វីលីពីន ហើយបានបង្កើនឥទ្ធិពលជាបន្តបន្ទាប់ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូង ដោយអាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ដែលមិនទាន់មានឈ្មោះជាផ្លូវការ។ ដូច្នេះសប្តាហ៍ខាងមុខប្រទេសកម្ពុជានឹងទទួលឥទ្ធិពលជាអាទិ៍ មូសុងនិរតីពីកម្រិតមធ្យមទៅខ្លាំង ជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប(ITCZ)៕








អត្ថបទ និងរូបភាពដោយ៖ Puthinews