30 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តកំពត៖ មិនមានសិទ្ធិក្នុងការសម្រេចដោះដូរតារាងបាល់បោះ ជាមួយពហុកីឡដ្ឋានថ្មីដែលទើបសាងសង់ទេ

កំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា ករណីពហុកីឡដ្ឋានថ្មី ដែលស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ដែលជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាសាងសង់ និងដោះដូររវាងក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុន SRV Group,Co.Ltd នោះ រដ្ឋបាលខេត្តមិនមានសិទ្ធិក្នុងការសម្រេចអាកាត់យ៉ាងណានោះទេ មានតែក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុប៉ុណ្ណោះ ទើបមានសិទ្ធិសម្រេចបញ្ចប់រឿងជាមួយក្រុមហ៊ុនបាន។ 

ម្យ៉ាងវិញទៀត នៅពេលដែលមានការសម្រេចពីក្រសួងទាំងពីរ និងក្រុមហ៊ុនរួចហើយនោះ ទើបរដ្ឋបាលខេត្តមានសិទ្ធិក្នុងការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនដល់ក្រុមហ៊ុន។ ទោះជាយ៉ាងនេះក៏ដោយ កិច្ចប្រជុំនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សាប្រមូលធាតុចូលពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឱ្យបានលម្អិត ដើម្បីជំរុញនីតិវិធី នឹងឈានទៅបញ្ចប់បញ្ហាដែលជាប់គាំងអស់ជាង១០ឆ្នាំមកហើយនោះ។   

ពាក់ព័ន្ធនឹងរឿងដោះដូរតារាងបាល់បោះ ជាមួយពហុកីឡដ្ឋានថ្មីនេះ បើយោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៧ ក្រុមហ៊ុន SRV Group,Co.ltd បានដាក់សំណើសុំប្ដូរទីតាំងដីទីលានបាល់បោះទំហំ១.៤២៦ម៉ែត្រការ៉េ និងដីទីលានបាល់ទាត់ទំហំ ៣.២៥០០ម៉ែត្រការ៉េ នៅក្រុងកំពត ជាថ្នូរនឹងដីទីលានពហុកីឡដ្ឋានបាល់ទាត់ថ្មី ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិបឹងទូក ក្រុងបូកគោ ដែលមានទំហំ៥ម៉ឺនម៉ែត្រការ៉េ។ 

ក្នុងកិច្ចសន្យានោះក្រុមហ៊ុនត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងវិស័យកីឡាជាច្រើន ប៉ុន្តែដោយសារការអនុវត្តរបស់ក្រុមហ៊ុនមិនឆ្លើយតបតាមកិច្ចសន្យា ខុសលក្ខណៈស្តង់ដាបទដ្ឋានបច្ចេកទេស នៃសំណង់សម្រាប់បម្រើវិស័យកីឡា និងអូសបន្លាយពេលវេលាផងនោះ រាជរដ្ឋាភិបាលក៏បានឯកភាពជាគោលការណ៍តាមសំណើរបស់ក្រសួងអប់រំយុវជន និងកីឡា គឺអនុញ្ញាតឱ្យប្ដូរតែទីតាំងដីបាល់បោះទំហំ១.៤២៦ម៉ែត្រការ៉េប៉ុណ្ណោះ ហើយដីទីលានកីឡាបាល់ទាត់ទំហំ៣២.៥០០ម៉ែត្រការ៉េ ត្រូវដកហូតយកមករក្សាជាទ្រព្យសម្បត្តិរដ្ឋវិញ រហូតសព្វថ្ងៃនេះ។ ប៉ុន្តែបញ្ហាត្រង់ថា ពហុកីឡដ្ឋានថ្មីនៅក្រុងបូកគោរបស់ក្រុមហ៊ុន នៅមិនទន់បានចុះបញ្ជីថា ជាកម្មសិទ្ធិរបស់ភាគីណានៅឡើយទេ ដោយសារដំណោះស្រាយក្នុងកិច្ចសន្យារវាងក្រសួងអប់រំ និងភាគីក្រុមហ៊ុនមិនទាន់មានការឯកភាពគ្នា៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img