(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានធ្វើការព្រមានចាប់ខ្លួនអ្នកពាក់ព័ន្ទទាំងអស់ លើការរំលោភបំពានយកដីអតីតយុទ្ធជនបញ្ជូនទៅតុលាការ ហើយដកហូតយកដីទាំងនោះមកជូនអតីតយុទ្ធជនវិញ ដើម្បីឱ្យពួកគាត់មានឱកាស ក្នុងការដាំដុះប្រកបរបរកសិកម្មផ្គត់ផ្គង់ជីវភាពគ្រួសារ។
ការលើកឡើងបែបនេះ របស់លោក វ៉ី សំណាង ធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងផ្តល់អំណោយដល់អតីតយុទ្ធជន និងនិវត្តន៍ជនប្រមាណ១៧០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានថ្លែងគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានកសាងឲ្យមាតុភូមិកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស តាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ប្រកបដោយប្រសិទ្ធិភាព ហើយប្រមុខរាជរដ្ឋាភិបាលស្រឡាញ់ និងយកចិត្តទុកដាក់ អតីតយុទ្ធជនយ៉ាងខ្លាំងរហូតបង្កើតជាសមាគមន៍ថែមទៀត ដើម្បីជួយទ្រទ្រង់ដល់ពួកគាត់ផងដែរ។
ក្នុងចក្ខុវិស័យដ៏ភ្លឺស្វាងរបស់សម្តេចតេជោ ការងារលើកកម្ពស់សមធម៌ និងបរិយាបន្ន ត្រូវបានផ្សព្វផ្សាយចាត់តាំងអនុវត្ត ជនងាយរងគ្រោះមានឱកាសទទួលបានការគាំទ្រលើកទឹកចិត្តស្មើភាពក្នុងសង្គម។ ជាមួយនោះវិស័យអតីតយុទ្ធជនត្រូវបានចាត់ទុកជាអាទិភាពទី១ ហើយផ្តួចផ្តើមបង្កើតចេញជាសមាគមអតីតយុទ្ធជនកម្ពុជា ដោយគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល។
ដោយឡែក សមាគមនេះបង្កើតឡើងដើម្បីលើកស្ទួយជីវភាពរស់នៅ ស្វែងយល់សុខទុក្ខអតីតយុទ្ធជនកម្ពុជាគ្រប់រូប មិនតែប៉ុណ្ណោះក្រោមការដឹកនាំរបស់សម្តេចតេជោ ក៏បានទំនុកបម្រុងនូវសម្ភារ ថវិកា ដីធ្លី សេវារបបសន្តិសុខសង្គម (ប.ស.ស) ផ្តល់អាទិភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការតម្លើងប្រាក់បៀវត្ស និងគោលនយោបាយទំនុកបម្រុងជាច្រើនផ្សេងទៀត ដែលជាការលើកកម្ពស់តួនាទីអតីតយុទ្ធជនឱ្យសក្តិសមនិងគុណបំណាច់ចំពោះបុព្វហេតុជាតិ មាតុភូមិនាពេលកន្លងមក។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានធ្វើការសម្បទានដីទៅដល់អតីតយុទ្ធជន ដែលបានបញ្ចប់បេសកកម្មក្នុងបុព្វហេតុជាតិ មាតុភូមិ ដើម្បីឱ្យពួកគាត់បន្តសាងជីវភាពគ្រួសារទៅអនាគតបន្ថែមលើគោលរបបសោធននិវត្តន៍។ ចំពោះដីសម្បទានទាំងអស់នេះ ក៏មានដីចំនួនរបស់ពួកគាត់ត្រូវបានជនឱកាសនិយមមួយចំនួន បានរំលោភកាន់កាប់ ធ្វើកម្មសិទ្ធិដោយខុសច្បាប់ ហើយជាក់ស្តែងអតីតយុទ្ធជនមួយចំនួនបានបាត់បង់ដីសម្បទាននោះជាច្រើនហិកតា។
ទន្ទឹមនឹងការរំលោភកាន់កាប់នេះ លោកអភិបាលខេត្តបញ្ជាក់ធ្ងន់ៗថា មិនលើកលែងដាច់ខាតចំពោះបុគ្គលទាំងឡាយណាដែលរកឃើញថាមានជាប់ពាក់ព័ន្ធ ការកាន់កាប់លើដីអតីតយុទ្ធជនដោយខុសច្បាប់ ត្រូវតែប្តឹងចាប់ខ្លួនបញ្ជូនទៅតុលាការ ហើយយកដីនោះប្រគល់មកពួកគាត់វិញ ដូច្នេះអាជ្ញាធរដែនដី និងមន្ត្រីជំនាញត្រូវពន្លឿននូវការដោះស្រាយ និងធ្វើបណ្ណ័កម្មសិទ្ធិដីធ្លីជូនពួកគាត់ឱ្យបានឆាប់រហ័សដើម្បីជៀសផុតពីទន្ទ្រានកាន់កាប់ពីជនអនាធិបតេយ្យ និងជនទុច្ចរិត៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News