29 C
Phnom Penh
Tuesday, December 24, 2024

អភិបាលខេត្តកណ្តាល ស្នើឱ្យពលរដ្ឋដែលមានក្បាលដីក្នុងទីតាំងព្រលានយន្តហោះថ្មីចំនួន ១១ក្បាលដី យោគយល់ខ្ពស់ និងចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយដូរដីទៅខាងក្រៅព្រលាន

ស្តាប់អត្ថបទជាសម្លេង

កណ្តាល៖ អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ បានស្នើឱ្យប្រជាពលរដ្ឋដែលមានក្បាលដីក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីចំនួន ១១ក្បាលដី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ឱ្យមានការយោគយល់ខ្ពស់ និងចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដូរដីទៅខាងក្រៅព្រលាន ដែលអាចយកទៅលក់ដូរ សាងសងលំនៅដ្ឋានបាន ឬលក់ឱ្យព្រលាន ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការសាងសង់ព្រលាន។

ការស្នើរដោយអភិបាលខេត្តកណ្តាលដូចនេះ បានធ្វើឡើងក្នុងពិធីផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីចំនួន ១៦នាក់ ស្មើនឹង៣១ក្បាលដី នៅការិយាល័យបម្រើការ នៃទីចាត់ការស្ថាបនាព្រលានយន្តហោះ ស្ថិតនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលលើផ្ទៃដី ២៦០០ហិកតា ក្នុងនោះ ស្ថិតក្នុងខេត្តកណ្តាលទំហំ ២៤២៦ហិកតា និងខេត្តតាកែវ ១៧៤ហិកតា។ 

លោក គង់ សុភ័ណ្ឌ បានបញ្ជាក់ថា ក្នុងខេត្តកណ្តាលមានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង ដែលមានមានចំនួន ៤ឃុំ ស្មើនឹង ១៣ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ហិកតា ស្មើនឹង ៩៣ភាគរយ នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុងគម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះផ្លូវរត់ទី១ (Runway1) គ្រោងនឹងបញ្ចប់ការស្ថាបនាឱ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ។ ផ្លូវរត់នេះ មានទទឹង ១០០ម៉ែត្របណ្តោយ ៤០០០ម៉ែត្រ ប្រើប្រាស់ផ្ទៃដីចំនួន ៤០ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះស្រាយជាអាទិភាព។ 

សូមបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ព្រលានយន្តហោះនេះ ជាមោទនភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិកើតមានឡើងនៅលើទឹកដីកំណើតរបស់ខ្លួន។ នៅពេលខាងមុខ ពេលដែលព្រលានយន្តហោះលេចចេញជារូបរាងឡើង តំបន់នៅជុំវិញនេះ នឹងរីកដុះដាលជាតំបន់មានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានស្នើឱ្យក្រុមហ៊ុន CAIC ត្រូវត្រៀមទីតាំងដី សម្រាប់ដោះដូរ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលស្រុក កណ្ដាលស្ទឹង ត្រូវជួយសម្រួល និងពន្លឿននីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ 

ចំពោះប្រជាពលរដ្ឋទាំង ១១ក្បាលដី ដែលមានទីតាំងក្នុងទីតាំងព្រលានយន្តហោះថ្មី ត្រូវចូលរួមដោះស្រាយជាមួយក្រុមហ៊ុនសាងសង់ព្រលាន និងអាជ្ញាធរ តាមគោលការណ៍របស់រាជរដ្ឋាភិបាល តាមរូបភាពនៃការដោះដូរដី ឬលក់ជូនក្រុមហ៊ុន ដើម្បីជំរុញដោះស្រាយបញ្ចប់បញ្ហា និងពន្លឿនការសាងសង់ព្រលានយន្តហោះតាមផែនការដែលបានគ្រោងទុក។ ក្នុងករណីនេះ បើប្រជាពលរដ្ឋយល់ព្រមដូរដី ប្រាកដជាទទួលបានដីពិតប្រាកដ ប្រជាពលរដ្ឋលក់ដី ពិតជាបានប្រាក់តាមគោលការណ៍កំណត់ និងធានាចេញសងជូនប្រជាពលរដ្ឋវិញ។ នេះជាការអះអាងដោយ លោក គង់ សុភ័ណ្ឌ៕

ត្ថបទនឹងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img