30 C
Phnom Penh
Tuesday, July 23, 2024

អធិរាជសង្គ្រាមស៊ូដង់យល់ព្រមបង្កើតបទឈប់បាញ់៧២ម៉ោង ខណៈជនបរទេសជម្លៀសខ្លួនចេញពីប្រទេសស្ទើរគ្មានសល់

ខាទូម៖ កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានប្រកាសថា សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលឲ្យមានបទឈប់បាញ់ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីច្បាំងគ្នាអស់រយៈពេលជាមួយសប្តាហ៍រវាងមេទ័ពពីរូប ដើម្បីដណ្តើមអំណាចគ្រប់គ្រងប្រទេស។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនថូនី ប្លីងគិន (Antony Blinken) បាននិយាយកាលពីថ្ងៃម្សិលមិញថា កិច្ចព្រមព្រៀងឈប់បាញ់ កើតឡើងដោយការចរចាដ៏តឹងតែងក្នងរយៈពេលពីរថ្ងៃកន្លងមក។ កងទ័ពរបស់ស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ឬហៅថា តម្រួតយោធាស៊ូដង់ ដែលជាគូប្រជែងមិនបានគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នជាច្រើនលើក នៅក្នុងសប្តាហ៍កន្លងមកនេះ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា Çក្នុងអំឡុងពេលនេះ សហរដ្ឋអាមេរិកជំរុញឲ្យកងទ័ពរបស់ស៊ូដង់ និងកងកម្លាំងគាំទ្រលឿន រក្សាបទឈប់បាញ់ជាបន្ទាន់ និងយ៉ាងពេញលេញ។ ដើម្បីគាំទ្រដល់ការបញ្ចប់ការប្រយុទ្ធគ្នាយូរអង្វែង សហរដ្ឋអាមេរិកនឹងសម្របសម្រួលជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធជាជនស៊ីវិលស៊ូដង់È។

ការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤២៧នាក់ ព្រមទាំងបំផ្លាញមន្ទីរពេទ្យ និងសេវាកម្មផ្សេងទៀត ហើយបានប្រែក្លាយតំបន់លំនៅដ្ឋានទៅជាទីលានសង្គ្រាម និងធ្វើមនុស្សរាប់លាននាក់នៅតែជាប់នៅក្នុងផ្ទះរបស់ពួកគេក្នុងខាទូម ហើយកំពុងខ្វះខាតស្បៀងអាហារ និងទឹក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាំងតូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បាននិយាយថា អំពើហឹង្សាក្នុងប្រទេសស៊ូដង់ កំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញដ៏មហន្តរាយ… ដែលអាចលេបត្របាក់តំបន់ទាំងមូល និងរាលដាលទៅតំបន់ក្បែរគញនាទៀត។

លោកបានជំរុញឲ្យសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រើអំណាចរបស់ខ្លួន ដើម្បីនាំប្រទេសស៊ូដង់ឲ្យវិលត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យ បន្ទាប់ពីរដ្ឋប្រហារយោធា នាឆ្នាំ២០២១ ដែលបន្ទាប់ពីការដួលរលំនៃមេដឹកនាំផ្តាច់ការរបស់ប្រទេសនេះ។

លោកអគ្គលេខាអង្គការសហប្រជាជាតិ បាននិយាយទៀតថា Çយើងទាំងអស់គ្នាត្រូវតែធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង ដើម្បីទាញប្រទសស៊ូដង់ឲ្យផុតពីរណ្តៅមរណៈ… យើងឈរជាមួយពួកគេក្នុងគ្រាដ៏អាក្រក់នេះÈ។

លោកបាននិយាយដោយបន្ថែមថា លោកបានអនុញ្ញាតឲ្យផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្នសម្រាប់បុគ្គលិក និងក្រុមគ្រួសាររបស់អង្គការសហប្រជាជាតិ ដែលធ្វើការនៅក្នុងប្រទេសស៊ូដង់។

មនុស្សរាប់ម៉ឺននាក់ រួមទាំងជនជាតិស៊ូដង់ និងពលរដ្ឋមកពីប្រទេសជិតខាង បានភៀសខ្លួនចេញពីតំបន់សង្គ្រាមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយរត់ទៅកាន់ប្រទេសអេហ្ស៊ីប ឆាដ និងប្រទេសស៊ូដង់ ខាងត្បូង បើទោះបីប្រឈមនឹងគ្រោះ និងបញ្ហាជួបជីវភាពលំបាកក៏ដោយ។

យ៉ាងហោចណាស់ក្បួនរថយន្តចំនួនពីរខ្សែ ដែលពាក់ព័ន្ធនឹងការជម្លៀសមនុស្ស បានទទួលរងការបាញ់ប្រហារកាលពីចុងសប្តាហ៍មុន។ ចំណែកអ្នកការទូតបរទេសវិញ ​ក៏ជា​គោលដៅ​សម្រាប់​វាយ​ប្រហារដែរ ហើយ​យ៉ាង​ហោច​ណាស់​បុគ្គលិក​ជំនួយមនុស្សធម៌​ប្រាំ​នាក់​ត្រូវ​បាន​សម្លាប់។

ការប្រយុទ្ធគ្នាបានស្ងប់ស្ងាត់បន្តិច កាលពីចុងសប្តាហ៍មុនស ដើម្បីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជម្លៀស បុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ដោយបង្កឲ្យមានការជម្លៀសជនបរទេសរាប់រយនាក់ មកពីប្រទេសជាច្រើនក្នុងរដ្ឋឈូងសមុទ្រអារ៉ាប់ រុស្ស៊ី ជប៉ុន និងកូរ៉េខាងត្បូង។

ចំណែកប្រទេសអាហ្វ្រិកខាងត្បូងវិញ បាននិយាយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ខ្លួនបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនរាប់សិបនាក់ ដោយនាំទៅកាន់ប្រទេសជិតខាង ដើម្បីសុវត្ថិភាពអាយុជីវិត។

រីឯរដ្ឋាភិបាលបារាំង បាននិយាយថា ខ្លួនបានរៀបចំជម្លៀសមនុស្សចំនួន៤៩១នាក់ រួមទាំងពលរដ្ឋបារាំងចំនួន១៩៦ នាក់ និងអ្នកមានសញ្ជាតិផ្សេងៗគ្នាសរុបចំនួន៣៦នាក់។ កប៉ាល់ចម្បាំងរបស់បារាំងកំពុងធ្វើដំណើរទៅកាន់កំពង់ផែស៊ូដង់ ដើម្បីជួយដឹកជនភៀសខ្លួនថែមទៀត។

យន្តហោះរបស់កងទ័ពអាកាសអាល្លឺម៉ង់ចំនួនបួនគ្រឿង បានជម្លៀសមនុស្សជាង៤០០នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា ដើម្បីចាកចេញពីប្រទេសស៊ូដង់។

ប្រទេសជាច្រើនបានបញ្ជូនយន្តហោះយោធា ដើម្បីដឹកមនុស្សចេញពីទីក្រុង ខាទូមខ្លះត្រូវដឹកទៅកាន់កំពង់ផែស៊ូដង់ រួចឡើងជិះកប៉ាល់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

រូបថតជាច្រើនបានបង្ហាញថា ក្រុមគ្រួសារដែលមានក្មេងៗបានប្រមូលផ្តុំគ្នាឡើងជិះយន្តហោះយោធាអេស្ប៉ាញ និងយន្តហោះបារាំង ចំណែកដូនជីគ្រិសសានិកមួយក្រុមទៀតភៀសខ្លួនតាមយន្តហោះយោធាអ៊ីតាលី។

សម្រាប់អ្នកនៅសេសសល់ក្នុងប្រទេសភាគច្រើន ជាមនុស្សមកប្រទេសក្នុងទ្វីបអាហ្រ្វិក ដែលមួយភាគបីនៃមនុស្សចំនួនប្រជាជន៤៦លាននាក់ត្រូវការជំនួយមនុស្សធម៌ តាំងពីមុនពេលផ្ទុះអំពើហិង្សាម្លេះ។

អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ បាននិយាយថា មានការខ្វះខាតស្បៀងអាហារ ទឹកស្អាត ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ខ្វះទំនាក់ទំនង និងថាមអគ្គិសនី៕


​ដោយ៖Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img