ស្តាប់អត្ថបទជាសំឡេង
បាត់ដំបង៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កម្លាំងរបស់បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ឈរជើងនៅតំបន់ព្រំដែននៃស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់ចំនួន៥៧នាក់ ក្នុងនោះមានមេខ្យល់ចំនួន០១នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
នាយការិយាល័យអប់រំ និងផ្សព្វផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក សួន ស៊ីរ៉ា បានផ្តល់ព័ត៌មានមកក្រុមការងារ ប្រចាំខេត្តបាត់ដំបងដឹងថា កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចុះប្រតិបត្តិការបានភ្លាមៗ តាមបទបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដែលបានកំណត់ឱ្យបានជាប់ជាប្រចាំក្នុងកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។
លោក បានបញ្ជាក់ថា ដោយមានកិច្ចសហការគ្នាបានល្អ រវាងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ និងកម្លាំងយោធាប្រចាំព្រំដែន ព្រមទាំងមានកិច្ចសហការជាមួយទាហានឈុតខ្មៅថៃកងរយលេខ៥២៣ ទើបឈានទៅធ្វើការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ១ករណី នៅចំណុចចន្លោះបង្គោលសីមាលេខ៥៣ និងលេខ៥៤ ភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ដោយឃាត់ខ្លួនពលករចំនួន៥៧នាក់ ស្រី២៣នាក់ ក្មេង០៥នាក់ ក្មេងស្រី០២នាក់ ។
លោកបានបន្តថា ក្រោយពីសួរនាំលើពលកររួចមក ទើបកម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាសង្ស័យមេខ្យល់ចំនួន០១នាក់ ក្នុងចំណោមពលករចំនួន៥៧នាក់ មានឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោក បានបញ្ជាក់ទៀតថា ពលករទាំង៥៦នាក់ និងមេខ្យល់១នាក់នោះ ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ធ្វើកំណត់ហេតុប្រគល់ទៅឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងបន្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ និងរូបភាពដោយ៖ Puthinews