ខេត្តកំពង់ធំ ៖ អតីតយុទ្ធជននៅខេត្តកំពង់ធំជាង៣ពាន់នាក់ បានដំណើរការបើកកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ ដែលជាដូសជំរុញប្រភេទAstra Zeneca នៅតាមបណ្តាទីតាំងមណ្ឌលសុខភាពក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ។ ពិធីប្រកាសបើកការចាក់វ៉ាក់សាំងតំណាងទូទាំងខេត្តកំពង់ធំនេះ ប្រព្រឹត្តនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នៅមណ្ឌលសុខភាពព្រៃប្រស់ ស្រុកកំពង់ស្វាយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ជំនួសមុខឱ្យអតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកំពង់ធំ បានគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងលោកទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍គន់ គីម អគ្គលេខធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ ដែលជាដូសជំរុញប្រភេទ Astra Zeneca សម្រាប់ចាក់ជូនអតីតយុទ្ធជន ដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលជាសកល ពិសេសនៅខេត្តកំពង់ធំ ដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឱ្យព្រួយបារម្ភ។
បងប្អូនសមាជិក សមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣រួចមក គ្រប់រូបមានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំង ដែលបានការពារអាយុជីវិតរួចផុត ពីជំងឺ-១៩ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម ដែល បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបានវ៉ាក់សាំងចាក់ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំនៅពេលនេះ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News