30 C
Phnom Penh
Tuesday, July 23, 2024

អតីត​ទាហាន​អូស្ត្រាលី​ម្នាក់ ត្រូវតុលាការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ករណី​សម្លាប់ជនជាតិ​អាហ្វហ្កានីស្ថាន

ស៊ីដនី៖ បុរសអូស្ត្រាលី អាយុ៤១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅរដ្ឋ ញូវសោសវ៉េល (New South Wales) និងត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីការស៊ើបអង្កេតរួមគ្នារវាងការិយាល័យស៊ើបអង្កេតពិសេស និងប៉ូលីសសហព័ន្ធអូស្ត្រាលី។

អតីត​ទាហាន​រូប​នេះ​ត្រូវ​តុលាការចេញដីកាឃុំ​ខ្លួន​ក្នុងពន្ធនាគារជាបណ្តោះអាសន្ន ហើយ​ត្រូវ​បង្ហាញ​ខ្លួន​នៅចំពោះមុខ​តុលាការ ​ក្រុង​ស៊ីដនី​ នៅថ្ងៃអនាគត់។

សេចក្តីថ្លែងការណ៍របស់ប៉ូលីសសហព័ន្ធអូស្ត្រាលី បាននិយាយថា «តុលាការបានចោទប្រកាន់ថា បុរសនេះបានសម្លាប់បុរសជនជាតិអាហ្វហ្កានីស្ថានម្នាក់ នៅពេលលោកធ្វើទាហានច្បាំងក្នុងសង្គ្រាមប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងកងកម្លាំងការពារជាតិអូស្ត្រាលីដទៃទៀត»។

ប្រសិនបើ​រក​ឃើញ​ថា ​មាន​កំហុស អតីត​ទាហាន​រូបនេះ ដែល​ជា​អ្នក​បម្រើ​ដំបូង ឬ​ជា​អតីត​សមាជិក​យោធា​អូស្ត្រាលី​អាច​ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម នឹង​ប្រឈម​នឹង​ការ​ជាប់​ទោស​អស់មួយ​ជីវិត នៅក្នុងពន្ធនាគារ។

ការិយាល័យស៊ើបអង្កេតពិសេស ត្រូវបានបង្កើតឡើងបន្ទាប់ពីមានរបាយការណ៍មួយ កាលពីឆ្នាំ២០២០ ដែលបានរកឃើញថា មានភស្តុតាងគ្រប់គ្រាន់  ដែលថានាយទាហានមួយចំនួនរបស់អូស្ត្រាលី បានសម្លាប់មនុស្សអស់៣៩នាក់ដោយខុសច្បាប់ នៅពេលត្រូវដាក់ពង្រាយនៅក្នុងសង្គ្រាមប្រទេសអាហ្វហ្គានីស្ថាន។

សេចក្តីថ្លៃងការណ៍ដដែលនេះ បានផ្តល់អនុសាសន៍ថា សមាជិកបច្ចុប្បន្ន ឬអតីតកងកម្លាំងពិសេសរបស់អូស្ត្រាលីចំនួន ១៩នាក់ គួរប៉ូលីសបើកការស៊ើបអង្កេតចំពោះឧប្បត្តិហេតុចំនួន២៣កណី ដែលពាក់ព័ន្ធនឹងការសម្លាប់អ្នកទោសជាកសិករ ឬជនស៊ីវិល ចន្លោះឆ្នាំ២០០៩ និង២០១៣។

ការស៊ើបអង្កេតបានរកឃើញថា ការសម្លាប់ទាំងនោះ អាចជាអំពើឧក្រិដ្ឋកម្មសង្គ្រាម ហើយឧប្បត្តិហេតុពីរផ្សេងទៀត ជាអំពើឧក្រិដ្ឋកម្មសង្រ្គាមដោយការប្រព្រឹត្តដ៏ឃោរឃៅ។ ចំណែកឧប្បត្តិហេតុខ្លះទៀត មានជនរងគ្រោះតែម្នាក់ និងខ្លះទៀតមានចំនួនច្រើន។

ការស៊ើបអង្កេតក៏បានរកឃើញថា អាវុធត្រូវដាក់ចោលលើសពជនរងគ្រោះមួយចំនួន ជារបស់ទាហានវ័យក្មេងត្រូវគេបង្ខំឲ្យបាញ់អ្នកទោសដោយបង្ហូរឈាម” ។

ទូរទស្សន៍ ABC របស់អូស្ត្រាលីបានកំណត់អត្តសញ្ញាណបុរស ដែលត្រូវបានចោទប្រកាន់ខាងលើនេះ ឈ្មោះ អូលីវើ សូល (Oliver Schulz) ដែលជាអតីតទាហាននៃកងកម្លាំងពិសេស ដែលត្រូវបានបង្ហាញនៅក្នុងការស៊ើបអង្កេតមួយកាលពីខែមីនា ឆ្នាំ២០២០ ស្តីពីបាញ់បុរសអាហ្វហ្គានីស្ថានឲ្យស្លាប់ភ្លាមៗ។ ក្រោយពីការបាញសម្លាប់យ៉ាងឃោរឃៅគាត់​ត្រូវ​បាន​គេ​បញ្ឈប់​ពី​យោធា​បន្ទាប់​ពី​ភាពយន្ត​ឯកសារ​នេះ​បាន​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍៕

ដោយ៖ Puthinews  

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img