ស្តាប់អត្ថបទជាសម្លេង
អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ បានឲ្យដឹងថា ទិន្នន័យបច្ចុប្បន្នមិនបានចង្អុលបង្ហាញថា គេចាំបាច់ត្រូវតែចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាព ឬដូសទី៣ នោះទេ និងបានបន្ថែមថា ក្រុមមនុស្សដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោកគួរតែត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានពេញលេញជាមុនសិន មុនពេលប្រទេសមានប្រាក់ចំណូលខ្ពស់ចាក់វ៉ាក់សាំងដូសជំរុញប្រសិទ្ធភាព។
ការអត្ថាធិប្បាយនេះបានកើតឡើងមុនពេលដែលរដ្ឋាភិបាលអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាពដល់ពលរដ្ឋអាមេរិកទាំងអស់ចាប់ពីថ្ងៃទី២០ ខែកញ្ញាតទៅ ក្នុងគ្រាដែលករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន ដែលតា (Delta) កំពុងកេីនឡេីង។
ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី ស៊ុមយ៉ា ស្វាមីណាថាន (Soumya Swaminathan) បាននិយាយនៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា «យើងជឿជាក់យ៉ាងច្បាស់ថា ទិន្នន័យបច្ចុប្បន្ននេះ មិនបានបង្ហាញថា គេចាំបាច់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាពនោះទេ»។
លោកស្រីបានបន្ថែមថា ការសិក្សាបន្ថែមទៀតគឺត្រូវការជាចាំបាច់។
ជាមួយគ្នានោះដែរ ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក លោក ប្រូស អាលវ៉ត (Bruce Aylward) បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា «មានវ៉ាក់សាំងគ្រប់គ្រាន់នៅជុំវិញពិភពលោក ប៉ុន្តែវ៉ាក់សាំងទាំងនោះមិនត្រូវបានចែកចាយឲ្យចំទីកន្លែង»។
លោក អាលវ៉ត បាននិយាយបែបនេះដោយសំដៅទៅលើវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាព ឬដូសទី៣ ដែលកំពុងត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
លោកបាននិយាយថា វ៉ាក់សាំងពីរដូសគួរតែត្រូវបានចាក់ទៅឲ្យអ្នកដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោកជាមុនសិន មុនពេលចាក់ដូសជំរុញប្រសិទ្ធភាពទៅឲ្យអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ៕
អត្ថបទ នឹងរូបភាព Puthinews