ចក្រភពអង់គ្លេសនឹងបង្ហាត់បង្រៀនបន្ថែមដល់កងកម្លាំងអ៊ុយក្រែនឲ្យចេះបើកទាំងយន្តហោះ និងនាវាចម្បាំង ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ចក្រភពអង់គ្លេស ចាប់តាំងពីប្រតិបត្តិការសឹករបស់រុស្ស៊ីកាលពីឆ្នាំមុនមក ។
វគ្គបង្ហាត់បង្រៀនថ្មីនេះត្រូវបានគេមើលឃើញ ជាសញ្ញាមួយបញ្ជាក់ថា ចក្រភពអង់គ្លេសអាចនឹងផ្ដល់យន្តហោះចម្បាំង និងនាវាចម្បាំងស្ដង់ដារអង្គការណាតូទៅតាមសំណើរបស់លោក Zelensky ដើម្បីទប់ទល់នឹងការវាយលុកពីសំណាក់កងកម្លាំងរបស់រុស្ស៊ី ។

ស្របពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយថា “ដំណើរទស្សនកិច្ចរបស់លោក Zelensky មកកាន់អង់គ្លេស គឺជាសក្ខីភាពមួយចំពោះភាពក្លាហាន ការប្ដេជ្ញាចិត្ត និងការតស៊ូរបស់អ៊ុយក្រែន ហើយជាសក្ខីភាពនៃមិត្តភាពដែលមិនអាចបំបែកបានរវាងប្រទេសទាំងពីរ” ។
ចាប់តាំងពីឆ្នាំ ២០១៤ មក ចក្រភពអង់គ្លេសបានផ្តល់ការបណ្តុះបណ្តាលសំខាន់ៗដល់កងកម្លាំងអ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការពារប្រទេស ការពារអធិបតេយ្យភាព និងប្រយុទ្ធដើម្បីទឹកដីរបស់ពួកគេជាដើម ។
ទន្ទឹមនោះ ចក្រភព អង់គ្លេស ក៏ គ្រោង នឹង ប្រកាស ទណ្ឌកម្ម ថ្មី ដែល កំណត់ គោលដៅលើ អ្នក ដែល បាន ជួយ លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងប្រតិបត្តិការសឹក និង ក្រុមហ៊ុន ដែល បាន កេងចំណេញ ពី សង្រ្គាមមួយនេះផងដែរ ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News