26 C
Phnom Penh
Saturday, July 27, 2024

អគ្គស្នងការរងនគរបាលជាតិ រៀបចំពិធីប្រកាសមុខតំណែងនាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ បានជំរុញឱ្យប្រធាននាយកដ្ឋានវិទ្យុទាក់ទង ធ្វើការងារពង្រឹងបច្ចេកទេសពាក់ព័ន្ធ និងប្រេកង់វិទ្យុស្របពេលដែលកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍សំខាន់ៗជាតិ និងអន្តរជាតិ ពិសេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើននៅពេលខាងមុខ។

ក្នុងពិធីប្រកាសមុខតំណែងនាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា ការងារវិទ្យុទាក់ទងនេះ វាបានបង្ខិតសេវាបម្រើឱ្យទៅជិតប្រជាពលរដ្ឋ ពិសេសកិច្ចអន្តរាគមន៍ សង្គ្រោះ បង្ក្រាប និងការដោះស្រាយបញ្ហាបានឆាប់រហ័ស ហើយក៏បានជំរុញឱ្យប្រធាននាយកដ្ឋានថ្មី ធ្វើបទបញ្ជាផ្ទៃក្នុង សម្រាប់ប្រសិទ្ធភាពការងាររបស់ក្រុមប្រចាំបញ្ជានេះផងដែរ។

លោកអគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តល់អនុសាសន៍គន្លឹះ ដល់ប្រធាននាយកដ្ឋានថ្មីថា ក្នុងនាមជាមេដឹកនាំអង្គភាព ត្រូវតែធ្វើជាគំរូ និងឈានមុខគេ មានសុភវិនិច្ឆ័យច្បាស់លាស់ ពង្រឹងវិន័យ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង មិនអាចប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ ត្រូវមានមនោសញ្ចេតនា មានភាពស្និទស្នាល ទន់ភ្លន់តែម៉ឺងម៉ាត់ ជាពិសេសការបែងចែកភារកិច្ចទទួលខុសត្រូវទៅតាមជំនាញឱ្យមានតម្លាភាព។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ដែលត្រូវទៅបម្រើការងារជាអនុប្រធាន នាយកដ្ឋានកណ្តាលនគរបាលព្រំដែន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img