30 C
Phnom Penh
Friday, October 18, 2024

ឡាវ-វៀតណាម សុទ្ធតែយល់ពីមូលហេតុដែលកម្ពុជា ដកខ្លួនចេញពី CLV-DTA

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាអាហារពេលព្រឹកការងារជាប្រពៃណីជាមួយនាយករដ្ឋមន្ត្រីឡាវ និងវៀតណាម មុនពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងចន្ទន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ភាគីឡាវ និងវៀតណាម ដោយផ្ទាល់ អំពីមូលហេតុដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយភាគីទាំងពីរសុទ្ធតែបានយល់ពីមូលហេតុរបស់កម្ពុជា។ លោក តាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃដំណើរសម្ដេចធិបតីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ដែលឡាវធ្វើជាម្ចាស់ផ្ទះ។


គួរឱ្យដឹងថា បន្ទាប់ពីឆ្លងការជជែកពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត កម្ពុជា បានសម្រេចចិត្ដដកខ្លួនចេញពី CLV-DTA នៅទី២០ កញ្ញា ឆ្នាំ២០២៤ នៅក្រោមមូលហេតុ ដកអាវុធចេញពីក្រុមប្រឆាំងជ្រុលនិយម ព្រោះតែកាលពីពេលកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
ដើម្បីដកខ្លួនចេញពី CLV-DTA តាមនីតិវិធីផ្លូវការ រដ្ឋមន្ត្រីក្រសួងការបរទេស ត្រូវផ្ញើលិខិតផ្លូវការទៅកាន់ភាគីឡាវ និងវៀតណាម។ នៅក្នុងលិខិតផ្លូវការនៅបានបញ្ជាក់ថា កម្ពុជា សម្រេចចិត្តដកខ្លួនចេញពី CLV-DTA បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះបានឈានដល់គោលដៅរបស់ខ្លួនហើយ។ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img