ផ្លូវថ្នល់នានានៅក្នុងរដ្ឋធានីរបស់ប្រទេសហ្វីលីពីនមិនមានចរាចរណ៍មមាញឹកទេនៅថ្ងៃចន្ទនេះ ដោយសារតែរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការបិទខ្ទប់រដ្ឋធានីនេះយ៉ាងតឹងរ៉ឹងចំនួន ០២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩។ នៅក្រោមវិធានការនេះ មានតែអ្នកដែលបានទទួលសិទ្ធិពីអាជ្ញាធរប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ឱ្យចេញពីលំនៅដ្ឋានរបស់ពួកគេ។
ប្រទេសហ្វីលីពីន បច្ចុប្បន្ននេះ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ-១៩ ដ៏អាក្រក់បំផុតមួយនៅក្នុងតំបន់អាស៊ី និងមានការកើនឡើងនៃករណីឆ្លងក្នុងរយៈពេល០២សប្តាហ៍ចុងក្រោយនេះ ដោយក្រុមមន្រ្តីសុខាភិបាលបាននិយាយថា ការកើនឡើងនេះបណ្ដាលមកពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា(Delta)។
កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលហ្វីលីពីនបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន៩.៦៧១នាក់ និងមានអ្នកស្លាប់ចំនួន ២៨៧នាក់បន្ថែមទៀត ដែលនេះជាតួលេខអ្នកបាត់បង់ជីវិតប្រចាំថ្ងៃដោយសារវីរុសកូវីដ-១៩ ច្រើនបំផុតគិតចាប់តាំងពីថ្ងៃទី០៩ ខែមេសាមក។
ក្រសួងសុខាភិបាលហ្វីលីពីនបានប្រកាសថា ចាប់តាំងពីមានការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ មកប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបជាង១ ៦៦០ ០០០នាក់ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង២៩ ០០០នាក់៕
អត្ថបទ និងរូបភាព Puthi News