30 C
Phnom Penh
Saturday, July 27, 2024

ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ទទួលរថយន្ត សម្រាប់ប្រមូលកាកសំណល់ អង្គការជីវិតថ្លៃថ្នូរ

ស្តាប់អត្ថបទជាសំឡេង

កំពង់ឆ្នាំង៖ រថយន្តសម្រាប់ប្រមូលកាកសំណល់ នៃគម្រោងគ្រប់គ្រងកាកសំណល់រាវ និង លាមក ត្រូវបានផ្តល់ដល់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីអនុវត្តន៍ នៅស្រុកចំនួន២ក្នុងខេត្តកំពង់ឆ្នាំង។ 

ពិធីប្រគល់ ទទួលរថយន្តនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ម៉ាទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅប្រទេសកម្ពុជា។

លោក សួន សុភាព នាយកប្រតិបត្តិ អង្គការជីវិតថ្លៃថ្នូរ បានមានប្រសាសន៍ឲ្យដឹងថា អង្គការជីវិតថ្លៃថ្នូរ ជាអង្គការមិនមែនរដ្ឋាភិបាល ធ្វើការជាមួយនឹងប្រជាពលរដ្ឋ និងសហគមន៍ងាយរងគ្រោះ ដើម្បីផ្លាស់ប្តូរកែប្រែស្ថានភាពផ្ទាល់ខ្លួន និងសង្គម សេដ្ឋកិច្ចរបស់ពួកគេ ឱ្យឆ្ពោះទៅកាន់ ភាពអាស្រ័យលើខ្លួនឯង តាមរយៈវិធីសាស្ត្រអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ 

លោកបានឱ្យដឹងទៀថា ការគ្រប់គ្រងកាកសំណល់រាវ និងលាមក ត្រូវអនុវត្តន៏សកម្មភាពរបស់ខ្លួននៅក្នុងស្រុកចំនួន០២ ឃុំចំនួន០៨ (០៥ ឃុំមកពីស្រុកសាមគ្គីមានជ័យ និង០៣ឃុំ មកពីស្រុកទឹកផុស) ដែលបានចាប់ផ្តើមអនុវត្តន៍ចាប់តាំងពី ខែមីនាឆ្នាំ ២០២១ រហូតមកដល់ ខែកញ្ញា ឆ្នាំ២០២១នេះ មានរយះពេលចំនួន០៦ខែហើយ។ 

គម្រោងនេះមានគោលបំណង ដើម្បីកាត់បន្ថយការគ្រប់គ្រងកាកសំណល់រាវ និងលាមកដែលមិនមានសុវត្ថិភាពនៅក្នុង សហគមន៍គោលដៅ។ គម្រោងនេះមានសកម្មភាពធំៗចំនួនពីរ៖ ១.បណ្តុះបណ្តាលពីការរៀបចំទុកដាក់លាមក និងការផលិត ជីធម្មជាតិនៅក្នុងសហគមន៍។ ២. ផ្តល់រថយន្តប្រមូលកាកសំណល់រាវ និងលាមកជូនដល់មន្ទីរអភិវឌ្ឍន៍ជនបទ។

លោក ម៉ាទីន វ៉ាវ រ៉ា ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅប្រទេសកម្ពុជា  បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរ សេដ្ខកិច្ច សង្គមកិច្ច និងវប្បធម៌។ ចំពោះការគ្រប់គ្រងកាកសំណល់រាវ គឺជាកិច្ចការដែលចាំបាច់មួយដែលសាធារណរដ្ឋឆែក តែងតែបានយកចិត្តទុកដាក់ និងគាំទ្រជាប្រចាំ ព្រោះពាក់ព័ន្ធ និងសុខមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈវិស័យទឹកស្អាត និងអនាម័យ។ 

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការជីវិតថ្លៃថ្នូរ ដែលបានយកចិត្តទុកដាក់ គិតគូររៀបចំនូវគម្រោងមួយនេះ ដែលកាន់តែធ្វើឱ្យប្រសើរឡើងថែមទៀត ចំពោះការរៀបចំទុកដាក់ និងកែច្នៃកាកសំណល់ ទាំងនេះឱ្យមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ ពិសេសគឺការបណ្តុះគំនិតដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់កាកសំណល់រាវនិងលាមក បានត្រឹមត្រូវ ដើម្បីសុខមាលភាពក្នុងសង្គមគ្រួសារ ក៏ដូចជានៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ។ 

លោកបានបញ្ជាក់ទៀតថា តាមរយៈនៃការអនុវត្តគម្រោងនេះ សូមឱ្យអាជ្ញាធរមូលដ្ឋាន នៃស្រុកគោលដៅ បង្កើនកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ ជាមួយនឹងអង្គការជីតវិតថ្លៃថ្នូ ដើម្បីឱ្យគម្រោងមួយនេះដំណើរការទៅបានយ៉ាងរលូន និងមានប្រសិទ្ធភាព ឆ្លើយតបតាមផែនការនៃការអនុវត្តគម្រោងដោយជោគជ័យ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img