ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ បានបង្ហាញមុខក្មេងទំនើងចំនួន៦នាក់ ដែលតែងតែបង្ករការអុកឡុក បង្ករបួសស្នាម ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ក្នុងរយៈកាលកន្លងមក។


លោកវរៈសេនីយ៍ឯក ពេជ្រ រ៉ី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនសង្ស័យទាំង៦នាក់ បានបន្តការអុកឡុកដេញកាប់ជនរងគ្រោះ ធ្វើដំណើរក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ រយៈកាលកន្លងមក៤ករណី ដូចជា កាលពីយប់ថ្ងៃទី៦ ខែមករា កាប់ម៉ូតូជនរងគ្រោះ នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ យកស្លាកលេខទៅលក់នៅរាជភ្នំពេញ យប់ថ្ងៃទី១២ ខែមករា កាប់ជនរងគ្រោះ នៅសួនសម្ដេចចៅហ្វាវាំង គង់សំអុល ក្រុងកំពង់ឆ្នាំង, យប់ថ្ងៃទី ១៦ ខែមករា កាប់ជនរងគ្រោះជិៈម៉ូតូគ្នា៤នាក់ នៅចំណុចរង្វង់មូលក្អម ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងចុងក្រោយយប់ថ្ងៃទី២០ ខែមករា នៅផ្លូវបែកជា៤ មុខផ្ទះសំណាក់ ផ្កាយព្រឹក ក្រុងកំពង់ឆ្នាំង។ ក្នុងករណីទាំង៤ខាងលើ បានបង្ករឱ្យជនរងគ្រោះរងរបួស៥នាក់ ខូចខាតម៉ូតូស្រាលចំនួន៤គ្រឿង ។


លោកស្នងការរងបានបន្តថា៖ ក្រោយមានករណីកើតឡើង លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជារឱ្យលោក ដឹកនាំកម្លាំង សហការជាមួយ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ស្រាវជ្រាវ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ដែលក្នុងនោះរួមមាន១.លន វុទ្ឋី អាយុ២៣ ឆ្នាំ ២ឈ្មោះ ភោគ លីហៀង អាយុ១៩ឆ្នាំ ៣ឈ្មោះ រីម ភារៈ អាយុ១៨ឆ្នាំ,៤ មាស ណារី អាយុ១៨ ឆ្នាំ ៥,ស៊ន វិសាល អាយ១៨ឆ្នាំ ,៦ ឈ្មោះ ឌី ចាន់រាត្រី អាយុ២២ឆ្នាំ ពួកគរទាំង៦នាក់មានទីលំនៅឃុំគោកបន្ទាយ និងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។


លោកវរៈសេនីយ៍ឯក ពេជ្រ រ៉ី បានបញ្ជាក់ថាៈក្រុមក្មេងទំនើងទាំង៦នាក់ មានចរិកកាចសាហាវ គ្រាន់តែមើលមុខមិនបានផង ហើយតែងតែ ជិៈម៉ូតូ ធ្វើសកម្មភាពនៅពេលយប់ ហើយសុទ្ឋសឹងជាក្មេងមានសារធាតុញៀន នៅក្នុងខ្លួន។
ជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News