បន្ទាយមានជ័យ៖ មនុស្សស្គាល់រាប់អាន បបួលគ្នាទៅអង្គុយលេងស្រូបយកខ្យល់អាកាស សុំខ្ចីម៉ូតូជិះមួយភ្លេត ទំរាំតែម្ចាស់ដាច់ចិត្តប្តឹង យកទៅបញ្ចាំទិញគ្រឿងញៀនជក់អស់បាត់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចាប់បានម្នាក់បញ្ជូនទៅសាលាដំបូងខេត្ត ចាត់តាមនីតិវិធី នៅថ្ងៃទី05 ខែកក្តដា ឆ្នាំ2024 ចំណែកម្នាក់ទៀតរត់រួច កំពុងស្រាវជ្រាវតាមចាប់បន្ត។
ជនសង្ស័យឈ្មោះ ពៅ ទីអូន (ហៅក្រៅក្បាលធំ) ភេទប្រុស អាយុ20ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ត្រី សុខ ឡេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ កាលពីវេលាម៉ោង18និង10នាទី ថ្ងៃទី01 ខែកក្កដា ឆ្នាំ2024 ជនរងគ្រោះ និងឈ្មោះ ង៉ោល(ពុំស្គាល់ត្រកូល) ភេទប្រុស អាយុ25ឆ្នាំ, និងឈ្មោះ ពៅ ទីអូន(ហៅក្បាលធំ) ភេទប្រុស អាយុ20ឆ្នាំ ជាអ្នកស្គាល់រាប់អានគ្នា។ ពួកគេបានបបួលជនរងគ្រោះទៅអង្គុយលេងនៅបុរីហ៊ុយឡេង អង្គុយមួយសន្ទុះ ជនសង្ស័យទាំងពីរនាក់ បានសុំខ្ចីម៉ូតូជនរងគ្រោះទៅក្រៅមួយភ្លេត ម៉ូតូ ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ2015 ពាក់ស្លាកលេខ ប-មានជ័យ 1L-2850។ ជនរងគ្រោះឈ្មោះ លាង ទីឡុង ភេទប្រុស អាយុ២៦ឆ្នាំ ក៏ឱ្យពួកគេខ្ចីម៉ូតូជិះចេញទៅ តែមិនឃើញត្រឡប់មកវិញ រហូតដល់ថ្ងៃទី03 ខែកក្កដា ឆ្នាំ2024 ទើបជនរងគ្រោះសម្រេចចិត្ដដាក់ពាក្យបណ្ដឹងតែម្ដង។
លោក មេបញ្ជាការបញ្ជាក់ថា៖ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងលោករវសេនីយ៍ត្រី សុខ ឡេង បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ពៅ ទីអូន ហៅក្បាលធំ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី និងបានត្រួតពិនិត្យទឹកនោមរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)។ ចំណែបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយទៅដាក់បញ្ចាំដើម្បីយកប្រាក់ប្រើប្រាស់គ្រឿងញៀន។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានបញ្ចូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New