27 C
Phnom Penh
Monday, July 15, 2024

សិង្ហបុរី ប្រហារជីវិតអ្នកទោសជាស្ត្រីពីបទជួញដូរគ្រឿងញៀន

សិង្ហបុរី នៅថ្ងៃសុក្រនេះប្រហារជីវិតអ្នកទោសជាស្ត្រីម្នាក់ដោយព្យួរក ពីបទជួញដូរគ្រឿងញៀន ហើយនេះគឺជាការប្រហារជីវិតអ្នកទោសជាស្ត្រី លើកដំបូងបំផុត ក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ នៅក្នុងប្រទេសជាសមាជិកអាស៊ានមួយនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សិង្ហបុរី (Central Narcotics Bureau) បានគូសបញ្ជាក់ដូច្នេះថា «ទោសប្រហារជីវិតត្រូវបានអនុវត្តលើអ្នកទោសឈ្មោះសារីដេវី ប៊ីនទី ដ្យាម៉ានី (Saridewi Binte Djamani) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣»។ អ្នកទោសជាស្ត្រីឈ្មោះ Saridewi Binte Djamani ត្រូវបានផ្តន្ទាទោសប្រហារជីវិតកាលពីឆ្នាំ២០១៨កន្លងទៅ ពីបទជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៉ីន ជាង ៣០.៧២ក្រាម ពោលគឺច្រើនជាង ២ដង នៃបរិមាណនៃការជួញដូរគ្រឿងញៀនដែលសមនឹងទទួលការកាត់ទោសប្រហារជីវិតនៅសិង្ហបុរី។

ស្ត្រីខាងលើគឺជាអ្នកទោសទី១៥ ដែលត្រូវបានប្រហារជីវិត ចាប់តាំងពីរដ្ឋាភិបាលសិង្ហបុរីអនុវត្តទោសប្រហារជីវិតឡើងវិញកាលពីឆ្នាំ២០២២ ក្រោយផ្អាកអស់ជាង ២ឆ្នាំ ដោយសារកូវីដ១៩។ កាលពីថ្ងៃពុធសប្ដាហ៍នេះ សិង្ហបុរីបានប្រហារជីវិតបុរសម្នាក់ឈ្មោះមហាំម៉ាត់ អាហ្ស៉ីស ប៊ីន ហ៊ូសេន (Mohd Aziz bin Hussain) ដោយការព្យួករ ដែលមានទោសពីបទជួញដូរគ្រឿងញៀនផងដែរ។

សិង្ហបុរី មានការផ្តន្ទាទោសប្រហារជីវិត សម្រាប់បទឧក្រិដ្ឋមួយចំនួន រួមមានទាំងឃាតកម្ម ហើយក៏ជាប្រទេសដែលមានច្បាប់​ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹង បំផុតមួយលើពិភពលោកផងដែរ។ នៅប្រទេសសិង្ហបុរី ការរត់ពន្ធកញ្ឆាលើសពី៥០០ក្រាម និងហេរ៉ូអ៉ីនលើសពី ១៥ក្រាម អាចត្រូវប្រឈមទោសប្រហារជីវិតបាន៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img