30 C
Phnom Penh
Saturday, July 27, 2024

សូមប្រុងប្រយ័ត្ន ! ទីតាំងផ្សារមួយកន្លែងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដាក់ជាតំបន់ក្រហម បន្ទាប់ពីរកឃើញអាជីវករមានឆ្លងវីរុសកូវីដ១៩ ជាបន្តបន្ទាប់

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ ទីតាំងផ្សារមួយកន្លែងមានឈ្មោះថា KRD ស្ថិតក្នុងភូមិអូដារលើ ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី និងដាក់តំបន់ជុំវិញជាតំបន់ក្រហម បន្ទាប់ពីបានរកឃើញក្រុមអាជីវករក្នុងផ្សារមានឆ្លងវីរុសកូវីដ១៩ ជាបន្តបន្ទាប់ ។

អភិបាលស្រុកកំរៀង លោកសុខ សុខុន បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ការផ្ទុះឆ្លងរីករាលនៃជំងឺកូវីដ១៩ បានឆ្លងចូលទៅក្នុងសហគមន៍ទីប្រជុំជនទីតាំងផ្សារនិងតំបន់ជុំវិញផ្សារ KRD ស្ថិតក្នុងឃុំអូរដារលើ ស្រុកកំរៀង ខេត្តបាត់ដំបង ហើយដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្តចូលទៅក្នុងសហគមន៍ទៀតនោះ ផ្សារ KRD និងតំបន់ជុំវិញផ្សារទាំងមូលបានកំណត់ជាតំបន់ក្រហមត្រូវបានអាជ្ញាធរស្រុកកំរៀង ធ្វើការផ្អាកសកម្មភាពលក់ដូរ ការចេញចូលនិងការជួបជុំផ្សេងៗ ដែលស្ថិតនៅក្នុងតំបន់នេះជាបណ្តោះអាសន្ន ចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងសារជាថ្មីដោយរដ្ឋបាលខេត្តបាត់ដំបង។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសនៃការដឹកនាំមន្ត្រីជំនាញតាមស្ថាប័នមន្ទីរនានាចុះពិនិត្យស្ថានភាពទីតាំងផ្សារនិងការយកសំណាកពីក្រុមអាជីវករ ក្នុងទីតាំងផ្សារនិងអ្នករស់តំបន់ជុំវិញផ្សារពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរស្រុកកំរៀង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យនូវរាល់សកម្មភាពនៃការចេញ ចូល របស់ក្រុមអាជីវករ និងអ្នករស់នៅក្នុងតំបន់ជុំវិញទីតាំងផ្សារ KRD ទាំងអស់ឱ្យបានហ្មត់ចត់បំផុត ដើម្បីកុំឱ្យមានការដើរចេញរហេតរហូត ដែលនាំឱ្យមានការឆ្លងជំងឺកូវីដ១៩ នេះបន្តទៅក្នុងសហគមន៍ដទៃទៀត ។

លោក បានលើកទឹកចិត្តដល់មន្ត្រីមូលដ្ឋាន ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមមានការប្រុងប្រយ័ត្នផងដែរអំពីសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ។

លោក អភិបាលខេត្តបាត់ដំបង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមសហការជាមួយអាជ្ញាធរស្រុកកំរៀង មន្ត្រីជំនាញ និងសមត្ថកិច្ច បើមានការពាក់ព័ន្ធជាមួយក្រុមអាជីវករនិងអ្នកនៅជុំវិញតំបន់ផ្សារ KRD សូមរួសរាន់យកសំណាកពិនិត្យរកវីរុសកូវីដ១៩ ឱ្យបានទាន់ពេលវេលា ។ អ្វីដែលសំខាន់ជាងនេះទៀតនោះសូមបន្តការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីបុគ្គលខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិយើងបានឆ្លងផុតពីការឆ្លងជំងឺកូវីដ១៩ ៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img