ខេត្តកំពង់ឆ្នាំង៖ សិស្សានុសិស្សសាលាបឋមសិក្សាឈើត្រាច ស្ថិតនៅក្នុងភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ចំនួន៧៩ នាក់ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៤ បានទទួលការកាត់សក់ដោយមិនគិតថ្លៃ ពីម្ចាស់ហាងកាត់សក់ហូលីវូដ តាមការស្នើសុំរបស់សមាគមចលនាយុវជនក្រុម ១៥៧ខេត្តកំពង់ឆ្នាំង ។
លោក ម៉ក់ មុតរ៉ាមី ប្រធានសមាគមចលនាយុវជនក្រុម ១៥៧ ស្រុករលាប្អៀរ បានឱ្យដឹងថា តបតាមចំណូមពររបស់ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាឈើត្រាច លោក គូ ដារ៉ាប្រធានប្រតិបត្តិ និងលោក កែវសុវណ្ណារ៉ា ប្រធានកិត្តិយសសមាគមន៍ ចលនាយុវជនកម្ពុជាក្រុម ១៥៧ខេត្តកំពង់ឆ្នាំង បានចាត់ឲ្យ លោក រក ជាងកាត់សក់ មកកាត់ជូនសិស្សតាមសំណូមពរ ហើយលោកក៏បានសហការជាមួយហាងកាត់សក់ហូលីវូដ បានមកធ្វើការកាត់សក់ជូនប្អូនៗសិស្សនុសិស្សនាថ្ងៃនេះ ដោយមានការជួយឧបត្ថម្ភពី លោក សៀង ប៊ុនណាត តំណាងក្រុមហ៊ុនទឹកបរិសុទ្ធកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានជួយឧបត្ថម្ភទឹកសុទ្ធចំនួន២០០ដប និងថវិកា ១០ ម៉ឺនរៀល ជូនគណៈគ្រប់គ្រងសាលាផងដែរ។
លោក សំ សិលា ជាម្ចាស់ហាងកាត់សក់ហូលីវូដ បានបញ្ជាក់ដែរថា តបតាមចំណូមពរ របស់សមាគមចលនាយុវជនក្រុម ១៥៧ ក៏ដូចជារូបលោក មានបំណងធ្វើការងារមនុស្សធម៌ ផងនោះ លោកបានយកជាងកាត់សក់ពីហាងរបស់លោកចំនួន ៥នាក់ មកជួយកាត់សក់ជូនប្អូនៗនៅព្រឹកនេះ ដោយពុំគិតថ្លៃ ហើយក្នុងរយៈពេលពេញមួយព្រឹកកាត់ជូនប្អូនៗ បានចំនួន៧៩នាក់។
លោកនាយក សាលាបឋមសិក្សា ឈើត្រាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ចលនាយុវជនកម្ពុជាក្រុម ១៥៧ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ម្ចាស់ហាងកាត់សក់ ហាងហូលីវ៉ូត និង ម្ចាស់ដេប៉ូទឹកសុទ្ធ កម្ពុជា និងសូមជូនពរ ជួបប្រទះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ: វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New