កំពត៖ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងខេត្តកំពតសរុបចំនួន ៥៧២សាលា ត្រូវបានអនុញ្ញាតឱ្យបើកដំណើរកាឡើងវិញហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ ទន្ទឹមនឹងបានចូលសាលាវិញនេះ សិស្សានុសិស្សបានសម្តែងសេចក្តីសប្បាយរីករាយជាខ្លាំង ព្រោះពួកគេនៅតែចាត់ទុកការរៀនផ្ទាល់ជាមួយគ្រូងាយយល់ និងឆាប់ចាប់បាន និងមិនភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ ទោះបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ។
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-16.41.45-1024x576.jpeg)
ជាក់ស្តែងសិស្សានុសិស្សរៀននៅថ្នាក់ទី៩ នៃអនុវិទ្យាល័យ ឌីប៉ុក មហាសាមគ្គី ស្ថិតក្នុងក្រុងកំពត បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគេសប្បាយចិត្តដែលបានចូលរៀនឡើងវិញនៅពេលនេះ ដោយសារបានជួបមិត្ត និងជួបគ្រូដោយផ្ទាល់ ធ្វើឱ្យការសិក្សារៀនសូត្រងាយស្រួលយល់ រហ័សចាប់បានមេរៀនដែលគ្រូដាក់ឱ្យ។
ស្រដៀងគ្នានេះដែរ សិស្សសាលាមិត្តភាពកម្ពុជា-ជប៉ុន(កំពតក្រុង) ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដែលថា ពួកគេសប្បាយចិត្ត ព្រោះការសិក្សាតាមប្រព័ន្ធឡាញ មានបញ្ហាប្រឈមច្រើន ពិសេសសេវាអ៊ីនធើណែតខ្សោយ។ កូវីដ-១៩ក៏នៅតែខ្លាច តែពួកគេត្រូវតែមកសាលារៀនជាចាំបាច់ ព្រោះចំណេះវិជ្ជាជាជីវិត។ ដូច្នេះហើយទើបពួគគេទៅចាក់វ៉ាក់សាំង និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ជាប្រចាំ។
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-16.41.47-1024x576.jpeg)
លោកគ្រូនាយករងសាលាមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បានឱ្យដឹងថា សាលានេះបានបើកដំណើរការឡើងវិញគ្រប់កម្រិតពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ហើយការបង្រៀនធ្វើទៅតាមការណែនាំរបស់មន្ទីរអប់រំយុវជន និងកីឡា ដោយបែងចែកជាពីផ្នែក មួយផ្នែសិក្សាជាបណ្តុំ ដែលមានសិស្សមិនលើស ១៥នាក់ និងមួយផ្នែកទៀតរៀនតាមអនឡាញ។
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-16.41.48-1024x576.jpeg)
លោក តាក់ ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត បានឱ្យដឹងថា ក្រសួងបានអនុញ្ញាតឱ្យសាលារៀនចំណេះទូទៅសាធារណៈ និងឯកជនទូទាំងខេត្តចំនួន ៥៧២សាលា បើកឡើងវិញ ដោយរៀនតាមបណ្ដុំមិនឱ្យលើសពី ១៥នាក់ និងឆ្លាស់វេនគ្នា រៀនពីចម្ងាយតាមអនឡាញ។ សម្រាប់សាលារដ្ឋ បើកឡើងវិញទាំងស្រុង ១១៤សាលា រៀនតាមបណ្តុំ និងឆ្លាស់វេនមាន ៣៩២សាលា និងរៀនពីចម្ងាយតាមអនឡាញ ៤០សាលា។ ដោយឡែកគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន បើកឡើងវិញទាំងស្រុងមានចំនួន ៤កន្លែង រៀនតាមបណ្តុំ និងផ្លាស់វេន ១៨កន្លែង និងរៀនពីចម្ងាយតាមអនឡាញចំនួន ៤សាលា៕
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-16.41.49-1024x576.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-16.41.50-1024x576.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-21-16.41.51-1024x576.jpeg)
អត្ថបទ និងរូបភាពដោយ៖ Puthi News