30 C
Phnom Penh
Saturday, July 27, 2024

សាលារៀនរដ្ឋ និងឯកជនជាង៩០% នឹងត្រូវបើកឱ្យដំណើរការឡើងវិញនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២០ ខែកញ្ញា

កំពង់ស្ពឺ៖ សាលារៀនរដ្ឋ និងឯកជន នៅក្នុងតំបន់ដែលគ្មានហានិភ័យ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ប្រមាណជិត៤០០សាលា នឹងត្រូវបើកឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីសភាពការណ៍នៃការឆ្លងរីករាលជំងឺកូវីដ-១៩ មានការថយចុះច្រើន និងបន្ទាប់ពីសិស្សានុសិស្សអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការបានរួចរាល់។

លោក ថន ថារិន ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា ដោយយោងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងដោយពិនិត្យឃើញពីស្ថានភាពជំងឺកូវីដ-១៩មានការថយចុះ សាលារៀនជាង៩០ភាគរយ ត្រូវសម្រេចបើកទ្វារឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ តែត្រូវអនុឡោមទៅតាមការណែនាំរបស់ក្រសួងអប់រំ និងស្តង់ដារក្រសួងសុខាភិបាល។ សាលាដែលនឹងត្រូវបើកឡើងវិញមានចំនួន៣៩៩សាលា ដែលស្ថិតក្នុងតំបន់គ្មានហានិភ័យ ក្នុងនោះមានវិទ្យាល័យចំនួន២១ អនុវិទ្យាល័យចំនួន៦៩ និងបឋមសិក្សាចំនួន៣០៩។ ដោយឡែកចំពោះវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាមួយចំនួនផ្សេងទៀត ដែលកំពុងស្ថិតក្នុងតំបន់ប្រឈមមានហានិភ័យខ្ពស់ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរនោះទេ។

លោក ថន ថារិន បានបញ្ជាក់ថា វិធីសាស្ត្រនៃការរៀន និងបង្រៀនក្នុងបរិបថកូវីដ-១៩ សិស្សមួយថ្នាក់ដែលកន្លងមកមានចំនួនពី៤៥នាក់ ទៅ៥០នាក់ ត្រូវបានបំបែកជាបីវេនក្នុងមួយសប្តាហ៍ ដោយក្នុងមួយវេនមិនលើសពី១៥នាក់ ទៅ១៨នាក់ និងរៀនបានពីរថ្ងៃក្នុងមួយសប្តាហ៍។ ទន្ទឹមនឹងនេះ សិស្សត្រូវមានអាល់កុល ឬជែលជាប់ខ្លួន ពាក់ម៉ាសជាប្រចាំក្នុងម៉ោងរៀន និងបរិភោគអាហាររួចរាល់មុនចូលសាលា ឬក៏វេចខ្ចប់តាមសម្រាប់បរិភោគក្នុងថ្នាក់ ព្រោះសាលាមិនអនុញ្ញាតឱ្យមានការលក់ដូរក្នុងសាលាទេ។ ម្យ៉ាងវិញទៀត ស្របពេលដែលមានការបើកដំណើរការសាលារដ្ឋនេះដែរ សាលាឯកជនមួយចំនួនដែលស្ថិតក្នុងតំបន់គ្មានហានិភ័យ ឬស្ថិតក្នុងតំបន់គ្មានការប្រឈមក៏បានរៀបចំ និងត្រៀមចាប់ដំណើរជាមួយគ្នាផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img