កំពង់ឆ្នាំង៖ សាលារៀនប្រមាណជា ៤៣ទីតំាងនៅខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមបើកដំណើរការសិក្សាឡើងវិញហើយ បន្ទាប់ពីបានចុះវាយតម្លៃទីតាំងសាលារៀននានានៅក្នុងខេត្តរួចរាល់ បន្តការសិក្សាឡើងវិញ ក្រោយពីបានបិទអស់មួយរយ:
ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសចុះពិនិត្យដំណើរការសិក្សាតាមសាលាមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។
លោក គិត មុនីរិទ្ធិ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងបានបើកដំណើរការសាកល្បង បង្រៀនតាមបណ្ដុំសិស្សតិចជាង ១៥នាក់ លើសាលាចំនួន ៤៣ ក្នុងគម្រោងស្នើសុំបើកចំនួន ៦២សាលា។ ក្នុងនោះ វិទ្យាល័យចំនួន ៩សាលា អនុវិទ្យាល័យចំនួន ៣៤សាលា។ ហើយការបើកដំណើការសាកល្បងនេះមានត្រឹមតែ ២កម្រិតថ្នាក់តែប៉ុណ្ណោះ គឺថ្នាក់ទី៩ និងថ្នាក់ទី១២ និងគ្របដណ្ដប់លើស្រុកចំនួន៤។
គណៈកម្មការសាលា និងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឱ្យដឹងថា ការបើកសាលាឡើងវិញនាពេលនេះគឺក្រោយពីអាជ្ញាធរមូលដ្ឋានបានប្រជុំវាយតម្លៃអំពីហានីភ័យរួចរាល់ហើយ ដែលសាលានីមួយៗអាចដំណើរការបាន។ អាជ្ញាធរកមូលដ្ឋាន និងសាលាគោលដៅដែលបានបើកដំណើរការនេះ នឹងពង្រឹងការអនុវត្តវិធានការ ៣កុំ ៣ការពារឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត។
សិស្សានុសិស្សបានសម្តែងនូវការសប្បាយរីករាយនៅពេលដែលបានចូលរៀនសារឡើងវិញ ក្រោយពីបានបិទសាលាអស់មួយរយៈដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
បើទោះបីកន្លងមកបានសិក្សាពីចម្ងាយយ៉ាងណាក៏ដោយ ប៉ុន្តែការសិក្សាផ្ទាល់ជាមួយគ្រូ ពិតជាមានសារសំខាន់សម្រាប់សិស្សានុសិស្សទាំងអស់។ ហើយនឹងចូលរួមក្នុងការអនុវត្តអំពីវិធានការនានាដែលក្រសួងសុខាភិបាល និងក្រសួងអប់រំបានដាក់ចុះដើម្បីទប់ស្កាត់ការរីករាដាលនៃជំងឺកូវីដ១៩៕
អត្ថបទ និងរូបភាពដោ៖ Puthinews