30 C
Phnom Penh
Saturday, July 27, 2024

សម្តេចក្រឡាហោម ស ខេង ថ្នាក់ដឹកនាំល្អ ត្រូវបំពេញភារកិច្ច តួនាទី ហើយយកមន្ត្រីជុំវិញខ្លួន និងប្រជាពលរដ្ឋធ្វើជាកញ្ចក់

ស្តាប់អត្ថបទជាសំឡេង

កំពត៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ដល់ថ្នាក់ដឹកនាំខេត្តកំពត ពិសេសអភិបាលខេត្ត ឱ្យខិតខំបំពេញភារកិច្ច តួនាទី និងចេះដុសខាត់ការដឹកនាំរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីឈានទៅសម្រេចជោគជ័យនូវរាល់ភាពរកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនបន្ថែមទៀត និងថាមន្ត្រីជុំវិញខ្លួន និងប្រជាពលរដ្ឋ ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងមើលសកម្មភាពរបស់ថ្នាក់ដឹកនាំ។ ដូច្នេះថ្នាក់ដឹកនាំល្អ ត្រូវយកមន្ត្រីជុំវិញខ្លួន និងប្រជាពលរដ្ឋធ្វើជាកញ្ជក់ឆ្លុះខ្លួនឯង។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ម៉ៅ ធនិន ជាអភិបាលខេត្តកំពតថ្មី ជំនួស លោក ជាវ តាយ ដែលត្រូវផ្ទេរទៅកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ នៅសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ ក្នុងពិធីនេះសម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ពិសេសអភិបាលខេត្ត ឱ្យខិតខំបំពេញភារកិច្ច តួនាទី របស់ខ្លួនឱ្យកាន់តែប្រសើរ បន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបង្កបរិយាកាសអំណោយផលដល់ការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយ ផលប៉ះពាល់បណ្តាលមកពីវិបត្តិនៃជំងឺនេះ សំដៅអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងពង្រឹងសុខដុមនីយកម្មក្នុងសង្គម។

ក្រៅពីនេះ សម្តេចក្រឡាហោម ក៏បានជំរុញឱ្យយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។ ក្រៅពីនេះ ត្រូវជំរុញការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត និងគាំទ្រដល់ការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាលក្រុង-ស្រុក ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដើម្បីផ្តល់សេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

ដូច្នេះ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចេះដុសខាត់ខ្លួនឯងឱ្យកាន់តែប្រសើរ ហើយមន្ត្រីនៅជុំវិញខ្លួន និងប្រជាពលរដ្ឋ ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំ ហើយថ្នាក់ដឹកនាំក៏ត្រូវបើកចិត្តឱ្យទូលាយ ហ៊ានទទួលយកនូវមតិ ការរិះគន់ពីគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីមើលខ្លួនឯងឱ្យឃើញកាន់តែច្បាស់៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img