ស្តាប់អត្ថបទជាសំឡេង
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងនូវការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទៅ ត្រូវរៀនរស់នៅជាមួយនឹងជំងឺកូវីដ១៩ ខណៈដែលស្ថានភាពនៃជំងឺកូវីដ១៩នេះមិនទាន់មានភាពធូស្រាលនៅឡើយនោះទេ រហូតមកដល់នឹងពេលនេះ ក៏មិនទាន់មានអ្នកណាទស្សន៍ទាយថាជំងឺកូវីដ១៩នេះនឹងត្រូវបញ្ចប់នៅពេលណានោះឡើយ ហើយបើនៅតែបិទប្រទេសទៀតនោះនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសង្គមប្រជាពលរដ្ឋ អ្វីដែលសំខាន់សូមរៀនរស់នៅជាមួយនឹងកូវីដ១៩ ដោយត្រូវរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាការរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ។
ការថ្លែងនូវការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង បែបនេះបានធ្វើឡើងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្នុងពេលដែលសម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសលោក សុខ លូ ឲ្យចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ខណៈលោក ងួន រតនៈ ត្រូវបានផ្លាស់ប្តូរទៅទទួលភារកិច្ចថ្មី ជាអភិបាលនៃគណៈអភិបាលកំពង់ធំ ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ខេត្តបាត់ដំបង ជាខេត្តមួយជាប់នឹងព្រំដែនថៃ នឹង ប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋមួយផ្នែកធំបានឆ្លងកាត់ខេត្តបាត់ដំបង ទៅធ្វើការនៅប្រទេសថៃ ក៏ដូចជាពលករវិលត្រឡប់មកវិញតាមច្រកព្រំដែន ជាហេតុធ្វើឲ្យខេត្តបាត់ដំបង មានការប្រឈមខ្លាំងអំពីជំងឺកូវីដ១៩ ដូច្នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដែលទើបនឹងចូលកាន់មុខតំណែងថ្មីនេះ សូមបន្តការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឲ្យបានជោគជ័យ ។
ពាក់ព័ន្ធនឹងពិធីប្រកាសថ្នាក់ដឹកនាំខេត្តបាត់ដំបង នាពេលនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា ការផ្លាស់ប្តូរនេះគឺជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើងដើម្បីពង្រឹង និងពង្រីកនូវប្រសិទ្ធិភាពការងារក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ឆ្លើយតបតាមសំណូមពរ តម្រូវការ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដែលប្រជាពលរដ្ឋចង់បាន អ្វីដែលសំខាន់គឺការថែរក្សាស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្កាប់ឲ្យជាប់នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពបន្តទៀត ពិសេសការផ្តល់សេវាសាធារណៈ ក៏ដូចជាការបម្រើដល់ផលប្រយោជន៍ផ្សេងៗទៀតជូនប្រជាពលរដ្ឋ ៕
អត្ថបទ និងរូបភាពដោយ៖Puthi News