ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់ការណែនាំឱ្យមន្ត្រី បង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសដល់ការរៀបចំការបោះឆ្នោត និងការអភិវឌ្ឍសង្គមគ្រប់វិស័យនៅមូលដ្ឋាន បន្តទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព។
ការណែនាំមន្ត្រីដូចនេះ បានធ្វេីឡេីងក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខេត្តបាត់ដំបង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មិនអាចជួបជុំគ្នាដោយផ្ទាល់ ហើយការចុះបំពេញការងារដោយផ្ទាល់នៅតាមមូលដ្ឋានក៏មានភាពមិនសូវរលូនដែរ។ ទោះជាបែបនេះក្ដី ក្រុមការងារគណបក្សគ្រប់ថ្នាក់ បានខិតខំសម្របសម្រួលអនុវត្តសម្រេចបានផែនការសកម្មភាពសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ទន្ទឹមនេះថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សគ្រប់មូលដ្ឋាន ក៏បានពុះពារខិតខំប្រឹងប្រែងលើកកម្ពស់ភាពជាម្ចាស់ក្នុងការរែកពន្ធការងារនានា ទាំងការងារគណបក្ស ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការដោះស្រាយជីវភាពប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងគ្រោះធម្មជាតិនានា ព្រមទាំងការគ្រប់គ្រងរដ្ឋបាល ការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការផ្ដល់សេវាសាធារណៈ និងការធានាប្រក្រតីភាពគ្រប់វិស័យនៅមូលដ្ឋាន។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៩ខែទៀតប៉ុណ្ណោះ។ ដូចនេះ កិច្ចប្រជុំនៅថ្ងៃនេះនឹងផ្ដោតលើការរួមគ្នាពិនិត្យពិភាក្សាលើការអនុវត្តកិច្ចការដែលបានអនវត្តកន្លងមក និងកិច្ចការដែលនៅសេសសល់ ដើម្បីកំណត់ទិសដៅការងារត្រូវអនុវត្តបន្តសំដៅរួមគ្នាដណ្ដើមយកជោគជ័យសម្រាប់គណបក្សក្នុងការបោះឆ្នោតខាងមុខ។
ក្រៅពីនេះក៏ត្រូវបន្តខិតខំរួមគ្នាអនុវត្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២១ ដូចជាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ការរៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ អាណត្តិទី៥ និងកំណត់គោលនយោបាយអភិវឌ្ឍន៍ ឃុំ-សង្កាត់អាណត្តិទី៥ ការរៀបចំសន្និបាទគណៈកម្មាធិការគណបក្សឃុំសង្កាត់ ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ និងការពង្រឹងពង្រីកសមាជិកគណបក្ស៕
អត្ថបទ និងរូបភាពដោយ៖ Puthinews