26 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនក្មេងទំនើងប្រុសស្រី ៤នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ករណីប៉ុនប៉ងមនុស្សឃាត

សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងប្រុសស្រី៤នាក់ បន្ទាប់ពីធ្វើសកម្មភាពកាប់គ្នាបង្កការភ្ញាក់ផ្អើលពេញក្រុងសៀមរាប ដោយសាររឿងភ្លើងប្រច័ណ្ឌ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំនុចផ្លូវកៅស៊ូមុខស្ថានីយសាំងយីហោ LXR វត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាល ទទួលផែនបទល្មើសព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់នៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា មុនពេលកើតហេតុជនបង្កបានឱ្យមិត្តរបស់ខ្លួន ដែលមានទំនាក់ទំនងស្នេហាជនរងគ្រោះតាមរយៈហ្វេសប៊ុកឱ្យមកទទួលមុខស្ថានីយសាំងយីហោ LXR វត្តបូព៌ ចេញទៅហូបអីជុំគ្នានៅចំណុចបឹងកាឡូ។ ជាមួយនោះជនបង្កបានត្រៀមកាំបិត និងខ្សែក្រវ៉ាត់រួចជាស្រេច។ លុះដល់វេលាម៉ោង ២២ និង៣០នាទីយប់ ថ្ងៃដដែល ស្រាប់តែជនរងគ្រោះ បើកម៉ូតូម៉ាកទ្រីមម្នាក់ឯងមកដល់ទីតាំងខាងលើ។ ភ្លាមនោះជនបង្ក និងបក្ខពួក ២នាក់ទៀត បានដេញកាប់ជនរងគ្រោះតែគេឃើញទាន់ក៏ផ្តួលម៉ូតូរត់តែម្តង។

លោកឧត្តមសេនីយ៍ត្រី បន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលប៉ុស្តិ៍សាលាកំរើក ស្រាវជា្រវរហូតចាប់ខ្លួនបានក្រុមក្មេងទំនើងប្រុសស្រីទាំង ៤នាក់ ជាបន្តបន្ទាប់ យកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ កាំបិតចំនួន ២ដើម, ដំបងដែកទីប១ដើម, ខ្សែក្រវ៉ាត់ចំនួន១ រួមជាមួយនូវឧបករណ៍ប្រើ ប្រាស់គ្រឿងញៀនមួយចំនួនទៀត។

តាមចម្លើយសារភាពរបស់ជនបង្ក មូលហេតុដែលបណ្ដាលឱ្យកើតមានករណីនេះ គឺដោយសារតែជនរងគ្រោះ បានទាក់ទង (ឆាតញ៉ែ) ជាមួយមិត្តស្រីរបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ហើយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនអ្នកទាំង៤ ដាក់ពន្ធនាគារបណ្ដោះអាសន្ន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img