ប្រធានសភាថៃបានឱ្យដឹងថា ការបោះឆ្នោតក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលគ្រោងប្រព្រឹត្តទៅជាថ្មីក្នុងសប្តាហ៍នេះ គឺត្រូវបានសម្រេចលើកពេលវិញ ខណៈភាពជាប់គាំងនយោបាយនៅក្នុងប្រទេសថៃ បន្តអូសបន្លាយរយៈពេលជាង២ខែហើយ ក្រោយការបោះឆ្នោតសកល កាលពីខែឧសភា ។
ការបោះឆ្នោតក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ពីដំបូងឡើយត្រូវបានកំណត់ថា នឹងត្រូវរៀបចំឡើងសាជាថ្មីម្តងទៀត នៅថ្ងៃទី២៧ ខែកក្កដា គឺថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយការព្យាយាម២លើកកន្លងមក ដោយមេដឹកនាំគណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសកល គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានរារាំងដោយក្រុមសមាជិករដ្ឋសភាអភិរក្សនិយម និងក្រុមសមាជិកព្រឹទ្ធសភា ដោយសារតែគោលនយោបាយកំណែទម្រង់ដ៏ចម្រូងចម្រាស របស់ Move Forward។ ភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវលើកទៅពេលណាវិញនោះឡើយ។
គណបក្សភឿថៃ (Pheu Thai) ដែលជាប់លេខ២ ក្នុងការបោះឆ្នោតសកល និងស្ថិតក្នុងក្រុមចម្រុះដែលមាន៨គណបក្ស ជាមួយ Move Forward ដែរនោះ ត្រូវគេរំពឹងនឹងតែងតាំងបេក្ខជនរបស់ខ្លួនជានាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតសប្តាហ៍នេះ បន្ទាប់ពីត្រូវបានគណបក្ស Move Forward ប្រកាសបើកផ្លូវឱ្យទទួលបន្ទុកដឹកនាំ កិច្ចប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលថ្មីវិញម្តង។
ចំណែកកិច្ចប្រជុំមួយរវាងក្រុមចម្រុះខាងលើ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារនេះ ក៏ត្រូវបានលុបចោលផងដែរ ខណៈសមាជិកសភារបស់ Pheu Thai លោក ស៊ូទីន ក្លាងសែង (Sutin Klangsaeng) បាននិយាយថា កិច្ចពិភាក្សារវាងគណបក្សទាំង៨ កំពុងបន្តស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយ ដើម្បីស្វែងរកមធ្យោបាយឆ្ពោះទៅមុខ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News