ខេត្តកោះកុង ៖ដីព្រៃកោងកាង និងដីព្រៃលិចទឹក នៅក្នុងដែនសហគមន៍ជ្រោយស្វាយ ស្រុកស្រែអំបិល នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងត្រូវបានអ្នកមានលុយ មានអំណាច រំលោភបំពានទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន។ ដែលការណ៍នេះ ត្រូវបានគេដាក់ការសង្ស័យថា មានការបើកភ្លើងខៀវពីមន្ត្រីបរិស្ថានដែលគ្រប់គ្រងតំបន់នោះ។


តាមការរាយការណ៍ពីសមាជិកសហគមន៍ជ្រោយស្វាយ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអេស្កាវ៉ាទ័រ ១គ្រឿង បានធ្វើសកម្មភាពកាយប្រឡាយធ្វើព្រំដី នៅពេលយប់ និងបានចាក់ដីឃាំងបិទផ្លូវមិនឲ្យអ្នកធ្វើដំណើរឆ្លងកាត់ទៀតផង។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទី គណៈកម្មការសហគមន៍ ចុះទៅដល់កន្លែងឃើញអេស្កាវ៉ាទ័រ១គ្រឿង កំពុងបើករត់ចេញពីទីតាំងឡើងមកផ្លូវធំ ដែលមានចម្ងាយពីកន្លែងកាយ ប្រហែល២០០ម៉ែត្រ និងឃើញទុកនៅបន្ទះដែកសម្រាប់ទ្រអេស្កាវ៉ាទ័រ កាយដីព្រៃកោងកាង លិចទឹកចំនួន២បន្ទះ។


ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍នោះលោកប្រធានសហគមន៍ជ្រោយស្វាយក៏បានរាយការណ៍ទៅនាយកគ្រប់គ្រងតំបន់ប្រើប្រាស់ដងពែង ដើម្បីចុះមកអន្តរាគមន៍តែលោកនាយថា មន្រ្តីរបស់លោកជាប់រវល់អស់ហើយ អោយទាក់ទៅអាជ្ញាធរ ភូមិ ឃុំ វិញ។


ប្រភពពីប្រជាសហគមន៍បានលើកឡើងថា ជារឿយៗ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តែងតែត្រូវបានក្រុមជនមានអំណាចមានលុយ លបលួចធ្វើសកម្មភាពទន្ទ្រាន ក្នុងបំណងយកធ្វើជាកម្មសិទ្ធិឯកជន ដែលសកម្មភាពនេះ អាចជាការគប់គិតគ្នារវាងបុគ្គលទាំងអស់នោះ ជាមួយមន្ត្រីបរិស្ថានដែលមាននាទីគ្រប់គ្រងនៅតំបន់នោះ ។ ព្រោះថា រាល់ពេលដែលមានបទល្មើសជាក់ស្តែងកើតឡើង ការបង្ក្រាបរបស់មន្ត្រីទាំងនោះមានការយឺតយ៉ាវ ឬមួយក៏រុញឲ្យរាយការណ៍ចុះឡើង បង្កជាឱកាសល្អឲ្យជនល្មើសរត់រួចអស់។


ពាក់ព័ន្ធករណីនេះ លោក ម៉េង គួង នាយកនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕




ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News