ស្តាប់អត្ថបទជាសម្លេង
រដ្ឋាភិបាលវៀតណាមបានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រទេសវៀតណាមបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឈ្មោះ អាប់ដាឡា (Abdala) របស់ប្រទេសគុយបា ខណៈដែលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងទប់ទល់នឹងការឆ្លងរាលដាលដ៏អាក្រក់បំផុត។
វ៉ាក់សាំងឈ្មោះ អាប់ដាឡា (Abdala) គឺជាវ៉ាក់សាំងកូវីដ-១៩ ទី៨ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាមដែលស្ថិតក្នុងចំណោមប្រទេសមានអត្រាចាក់វ៉ាក់សាំងទាបបំផុតនៅក្នុងតំបន់ដោយមកទល់ពេលនេះក្នុងចំណោមពលរដ្ឋរបស់គេសរុបចំនួន៩៨លាននាក់មានតែ៦.៣%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងយ៉ាងហោច២ដូស។
ការប្រកាសនេះបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីវៀតណាមលោក ង្វៀន ស៊ាន់ភុក (Nguyen Xuan Phuc) បានចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងរដ្ឋធានីហាវ៉ាណានៃប្រទេសគុយបា។
រដ្ឋាភិបាលវៀតណាមបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ក្រសួងសុខាភិបាលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់គុយបាដោយផ្អែកទៅលើតម្រូវការចាំបាច់បន្ទាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។»
កាលពីខែមុនក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ប្រទេសគុយបានឹងផ្គត់ផ្គង់វ៉ាក់សាំងរបស់គេក្នុងចំនួនយ៉ាងច្រើនមកឲ្យប្រទេសវៀតណាម ព្រមទាំងផ្ទេរបច្ចេកវិជ្ជាផលិតនៅត្រឹមចុងឆ្នាំនេះផងដែរ។
កាលពីខែមិថុនា ប្រទេសគុយបាបានប្រកាសថាវ៉ាក់សាំងឈ្មោះ អាប់ដាឡា (Abdala) ដែលតម្រូវឲ្យចាក់៣ដូសនេះមានប្រសិទ្ធភាព៩២.២៨%នៅក្នុងការសាកល្បងលើមនុស្សក្នុងដំណាក់កាលចុងក្រោយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រវៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦៦៧,៦៥០នាក់និងមានអ្នកស្លាប់សរុបចំនួន១៦,៦៣៧នាក់៕
អត្ថបទ និងរូបភាពដោយ៖ Puthi News