28 C
Phnom Penh
Sunday, December 22, 2024

វិវាទរវាងមន្ត្រីបសុពេទ្យ និងអាជីវករកាប់សាច់សត្វពពែនៅខេត្តកណ្ដាល ត្រូវបានដោះស្រាយបញ្ចប់

កណ្ដាល៖ បញ្ហាជម្លោះរឿងកាប់សាច់ពពែ រវាងពលរដ្ឋនៅស្រុកពញាឮ និងមន្ត្រីបសុពេទ្យខេត្តកណ្តាលដែល
ផ្អើលលើបណ្តាញសង្គមកាលពីថ្មីៗនេះត្រូវបានដោះស្រាយសម្រួលគ្នាហើយ ក្រោមការសម្របសម្រួលពីលោកអភិបាលខេត្តកណ្ដាល។

ខណៈជួបជុំគ្នាផ្ទាល់នៅសាលាស្រុកពញាឮនៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីដោះស្រាយករណីការឃាត់សួរការដឹកជញ្ជូនសាច់សត្វពពែ ដោយគ្មានលិខិតអនុញ្ញាតរបស់បងប្អូនខ្មែរអ៊ិស្លាម កាលពីពេលថ្មីៗនេះ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ អភិបាលខេត្តបានបញ្ជាក់ថា ជាទូទៅការកាប់សាច់ជាលក្ខណៈគ្រួសារដើម្បីធ្វើជាម្ហូបអាហារ គឺមិនមានការហាមឃាត់នោះទេ ប៉ុន្តែករណីនេះជាការកាប់សត្វលក់ជាលក្ខណៈអាជីវកម្ម ដែលការធ្វើអាជីវកម្មលក់ដូរ និងកាប់សាច់ធ្វើម្ហូបអាហារហូបជាលក្ខណៈគ្រួសារ គឺខុសគ្នា។

តែទោះជាយ៉ាងណាអភិបាលខេត្តកណ្ដាល ក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែចេះប្រើប្រាស់ពាក្យសំដីល្អសមរម្យចំពោះប្រជាជន។

ដោយក្រោយពីមានការជួបនិយាយគ្នាផ្ទាល់ និងមានការសម្របសម្រួលរួចមកគឺ ម្ចាស់ទីតាំងសត្តឃាតបានយល់ព្រមឯកភាពយកតម្លៃ ៤ ពាន់រៀល ក្នុងការសំឡេះសត្វពពែ០១ក្បាល ដោយមានអុសត្រឹមត្រូវ ក្នុងរយៈពេល០១ឆ្នាំដំបូង និងសុំឡើងតម្លៃ ៥ ពាន់រៀល ក្នុង០១ក្បាលវិញ នៅឆ្នាំទី២ ទី៣ និងស្នើសុំលើកលែងតម្លៃសេវាកម្មត្រួតពិនិត្យអនាម័យសាច់តាមរយៈរដ្ឋបាលខេត្តកណ្តាល ខណៈសំណើនេះអភិបាលខេត្តកណ្តាលថានឹងយកទៅឆ្លងក្រសួងពាក់ព័ន្ធ។

ជាមួយគ្នានឹងការជួបផ្ទាល់ដើម្បីដោះស្រាយពីសំណាក់អភិបាលខេត្តកណ្តាលនេះដែរ ចំពោះក្រុមមន្ត្រីអនុវត្តច្បាប់ដែលបានប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅលើប្រជាពលរដ្ឋនោះ បានសូមសម្ដែងនូវការសោកស្តាយ និងសូមអភ័យទោសជាសាធារណៈចំពោះពាក្យសំដីដែលលើសលស់ទៅលើបងប្អូនប្រជាពលរដ្ឋ និងបានសន្យាចំពោះមុខថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលចូលរួម ដោយសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះតទៅទៀត។

ទន្ទឹមនឹងនេះអភិបាលខេត្តបាន ណែនាំដល់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត និងអភិបាលស្រុកពញាឮត្រូវសម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួលក្នុងការផ្តល់លិខិតអនុញ្ញាតចំពោះប្រជាពលរដ្ឋដែលប្រកបអាជីវកម្មសាច់សត្វ ហើយក្នុងករណីប្រជាពលរដ្ឋធ្វើការកាប់សាច់សត្វហូបជាលក្ខណៈគ្រួសារ គឺត្រូវអនុញ្ញាតជូនពួកគាត់ និងហាមដាច់ខាតការរំខាននានា។

គួរបញ្ជាក់ថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦ព្រឹកនៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មានការឃាត់សួរនាំពីមន្ត្រីបសុពេទ្យខេត្តកណ្តាលទៅលើបងប្អូនប្រជាពលរដ្ឋ ដែលបានដឹកជញ្ជូនសាច់សត្វពពែចំនួន១៧គីឡូក្រាម ដែលហេតុការណ៍នេះបានបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់មានការបង្ហោះក្នុងផេកសម្តេចតេជោ ហ៊ុន សែន ដែលបង្កើតឱ្យមានការវែកញែករកខុស រកត្រូវ ទៅលើគូភាគីទាំងពីរជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕


អត្ថបទ និងរូបភាពដោយ៖​ Puthi News

អានបន្ត

spot_img
spot_img