30 C
Phnom Penh
Tuesday, July 23, 2024

វិមានក្រឹមឡាំងច្រានចោលពាក្យចចាមអារ៉ាមថា ប្រធានាធិបតីរុស្ស៊ី មានមនុស្សមុខដូចដើរតួជំនួស

មូស្គូ៖ វិមានក្រឹមឡាំង នៅថ្ងៃនេះ បានច្រានចោលពាក្យចចាមអារ៉ាមថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មានរូបរាងកាយពីរដូចគ្នាបះបិត ដោយម្នាក់ទៀតជាមនុស្សក្លែងក្លាយ សម្រាប់ដើរតួចេញមុខជាសាធារណៈ ជាពិសេសក្នុងពេលចេញមុខទៅពិនិត្យសមរភូមិជួរមុខក្នុងទឹកដីអ៊ុយក្រែន។

ពាក្យចចាមអារាមបែបនេះ បានកើតឡើងដោយសារមន្ត្រីចារកម្មអ៊ុយក្រែន បង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម បកស្រាយរូបភាពប្រធានាធិបតីរុស្ស៊ី ដែលឆ្នាំនេះចូលដល់វ័យ៧០ឆ្នាំថា លោកមិនហ៊ានចេញក្រៅទេ ប៉ុន្តែចំណាយពេលភាគច្រើន នៅក្នុងលេនដ្ឋានការពារអាវុធនុយក្លេអ៊ែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានរៀបរាប់ពីរបៀបគេនិយាយប្រឌិតអំពីលោកប្រធានាធិនតីរុស្ស៊ី ដែលនាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្ត្ររុស្ស៊ី ចាប់តាំងពីការដួលរលំនៃអតីតសហភាពសូវៀត នាឆ្នាំ១៩៩១ និងអំពីមូលហេតុនៃសង្រ្គាមអ៊ុយក្រែន រួមទាំងការចោទប្រកាន់ពីប្រជាជននៅក្នុងប្រទេសលោកខាងលិច។

លោកបាននិយាយនៅក្នុងសន្និសីទ នាទីក្រុងមូស្គូ ព្រមទាំងសើចចំអកថា «អ្នកប្រហែលជាធ្លាប់ឮថា លោក ពូទីន មានមនុស្សមានរូបរាងដូចគ្នាច្រើនណាស់ ដែលធ្វើការជំនួសលោក ដូចជានៅពេលអង្គុយនៅក្នុងលេនដ្ឋានជាដើម»។

លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយទៀតថា «អ្នកឃើញខ្លួនឯងថា តើប្រធានាធិបតីរបស់យើង មានលក្ខណៈបែបណា? លោកនៅតែដដែល ហើយឥឡូវនេះលោករវល់ខ្លាំងណាស់។ អ្នកធ្វើការនៅក្បែរលោកស្ទើរតែមិនអាចតាមលោកបានទេ។ កម្លាំងរបស់លោកខ្លាំងពីពួកយើង។ សុខភាពរបស់លោកល្អ, ព្រះសព្វព្រះហឫទ័យចំពោះលោក។ ជាការពិតណាស់ លោកមិនអង្គុយនៅក្នុងលេនដ្ឋានណាមួយឡើយ។ ទាំងអស់នេះ​ក៏​ជា​រឿង​កុហក​ដែរ»។

វិមានក្រឹមឡាំងបានច្រានចោលម្តងហើយម្តងទៀតចំពោះពាក្យចចាមអារាមថា លោក វ៉្លាឌីមៀ ពូទីន ដែលជាមេដឹកនាំកំពូលរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៩៩ កំពុងតែមានជំងឺធ្ងន់ធ្ងរ។

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងមូស្គូ កាលពីខែមុន ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បានប្រាប់លោក វ៉្លាឌីមៀ ពូទីន នូវជំនឿចិត្តរបស់លោកថា អ្នកបោះឆ្នោតនឹងគាំទ្រមេដឹកនាំរុស្ស៊ីម្តងទៀតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២៤។ ប៉ុន្តែលោក វ៉្លាឌីមៀ ពូទីន មិនទាន់បានឆ្លើយថា តើលោកនឹងបន្តកាន់តំណែងមួយអាណត្តិទៀតនោះទេ។

ពាក្យចចាមអារ៉ាមដដែលៗអំពីលោក វ្ល៉ាឌីមៀ ពូទីន ជាមនុស្សពីរនាក់ផ្សេងគ្នា បានផ្ទុះឡើងបន្ទាប់ពីប្រធានាធិបតីអញ្ជើញទៅសួរសុខទុក្ខកងទ័ពរុស្ស៊ី ឈរជើងនៅសមរភូមិជួរមុខ ក្នុងតំបន់ឃើសុន (Kherson) កាលពីសប្តាហ៍មុន ដែលជាទឹកដីរុស្ស៊ីដណ្តើមបាននៅភាគខាងកើតប្រទេសអ៊ុយក្រែន។

នៅពេលឡើងកាន់អំណាចដំបូង លោក វ៉្លាឌីមៀ ពូទីន បានសន្យាថា នឹងបញ្ចប់ភាពចលាចលនៅលើទឹកដីរុស្ស៊ី ក្រោយការដួលរលំអតីតសហភាពសូវៀត ប៉ុន្តែការឈ្លានពានអ៊ុយក្រែន គឺជាវិបត្តិយោធាដ៏ធ្ងន់ធ្ងរបំផុត ដែលប្រមុខវិមានក្រឹមឡាំងបានជួបប្រទះ ចាប់តាំងពីសង្គ្រាមសូវៀត ជាមួយប្រទេសអាហ្វហ្គានីស្ថាន ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។

ជម្លោះនៅអ៊ុយក្រែនបានឈានទៅដល់ការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបា នាឆ្នាំ១៩៦២ ខណៈលោក វ៉្លាឌីមៀ ពូទីន បានសម្រេចចិត្តងាកចេញពីលោកខាងលិចឆ្ពោះទៅរកប្រទេសចិន ដើម្បីកសាងសម្ព័ន្ធមិត្តថ្មី ដែលអាចទុកចិត្តបានយូរអង្វែងជាង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img